ព័ត៌មានជាតិ

មេពូជសុនខហិតមីនកម្ពុជា កើតកូនបាន៣៤ក្បាល អាចហ្វឹកហ្វឺនឲ្យក្លាយជា អ្នកចម្បាំងដោះមីន

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសថា មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន ៤សំបុក សរុបចំនួន ៣៤ក្បាល ហើយក៏មានសុខភាពល្អ អាចហ្វឹកហ្វឺនឲ្យក្លាយជាអ្នកចម្បាំងដោះគ្រាប់មីន ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ កុម្ភៈ លោក ហេង រតនា បានថ្លែងថា «ចាប់ផ្តើមសប្តាហ៍នេះ មេពូជសុនខកើតបាន៤សំបុក បានកូនសុនខ ចំនួន៣៤ក្បាល ដែលមានសុខភាពល្អ និងអាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំង ដើម្បីសុខសុវត្ថិភាពសង្គមមនុស្ស»។

សូមបញ្ជាក់ថា សុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោង នៅឆ្នាំ២០០២។ ប៉ុន្ដែ ស៊ីម៉ាក់ បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ នៃកម្មវិធី សុនខហិតមីន ចាប់ពីឆ្នាំ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដង នៅអំឡុងឆ្នាំ២០១៦។ បច្ចុប្បន្ន ស៊ីម៉ាក់ បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេស ផងដែរ។

លើសពីនេះទៀត សុនខហិតមីន បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា។ សុនខ មានជំនាញហិតមីន ដែលកប់ដី និងសារធាតុផ្ទុះផ្សេងៗ។ សុនខហិតមីន មិនត្រឹមតែជួយដល់ការងាររបស់ ស៊ីម៉ាក់ ប៉ុណ្ណោះទេ ថែមទាំងចូលជាមួយ សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងរកនូវជនសង្ស័យជាដើម៕

To Top