នយោបាយ

លោក ហ៊ុន ម៉ាណែត ប្រាប់ជប៉ុន ពីគំនិតផ្តួចផ្តើម របស់កម្ពុជា ក្នុងការបង្កើតយន្តការ Troika ដោះស្រាយ បញ្ហាភូមា

ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមពីគំនិតផ្តួចផ្តើម របស់កម្ពុជា ក្នុងការបង្កើតយន្តការ Troika លើបញ្ហាភូមា។

សូមរំលឹកថា បន្ថែមពីលើគំនិតផ្ដួចផ្ដើម ឲ្យមានការកែលម្អស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដោយសម្លឹងឃើញថា វិបត្តិនៅក្នុងប្រទេសនេះ មិនអាចបញ្ចប់ ក្នុងឆ្នាំ២០២២បាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យមានការបង្កើត នូវយន្តការ ត្រ័យការ ដែលមានសមាស ធាតុមកពី អតីតប្រធានអាស៊ាន គឺព្រុយណ ប្រធានបច្ចុប្បន្នអាស៊ានគឺកម្ពុជា និងអនាគតប្រធាន អាស៊ាន គឺឥណ្ឌូនេស៊ី បូកជាមួយនឹងលេខាធិដ្ឋាន អាស៊ាន ។

រូបមន្តត្រ័យការ របស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេស ជាប្រធានអាស៊ានបច្ចុប្បន្ន និងរដ្ឋមន្រ្តីការបរទេសអនាគត ប្រធានអាស៊ាន បន្ទាប់» ។

ពាក់ព័ន្ធវិបត្តិនៅមីយ៉ាន់ម៉ាឬភូមា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីជប៉ុន អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធាន អាស៊ាន លើការដោះស្រាយវិបត្តិ នៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀស អំពើហិង្សា រៀបចំការផ្តល់ជំនួយមនុស្សធម៌ និងការបើកច្រក សម្រាប់ការបំពេញភារកិច្ច របស់ប្រេសិត ពិសេស ប្រធានអាស៊ាន ស្របតាមធម្មនុញ្ញាអាស៊ាន និងចំណុចឯកច្ឆ័ន្ធទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណា ឱ្យអាស៊ានអាចរក្សា បាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្តួចផ្តើម របស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាព នៃការអនុវត្តចំណុចឯកច្ឆ័ន្ទទាំង៥ របស់អាស៊ាន។

ជាការឆ្លើយតបរដ្ឋមន្ត្រី ការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រធាន អាស៊ាន ឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យ នៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទី ដោះស្រាយកិច្ចការអន្តរជាតិ៕

To Top