ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៦៦៤,៩៩៤ ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការអប់រំ បរិយាប័ន្ននៅខេត្តកណ្តាល និងរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យ រយៈពេល៤ឆ្នាំ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ កុម្ភៈ បានឲ្យដឹងថា ក្នុងចំណោមថវិកា ចំនួន ៦៦៤,៩៩៤ ដុល្លារ គឺ២៦៦,៤២៨ ដុល្លារ ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារមានពិការភាពតាមរយៈ ការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធ វាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣)។ ដោយឡែក ថវិកា ៣៩៨,៥៦៦ ដុល្លារទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ដើម្បីអនុវត្ត គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)។
ក្នុងឱកាសពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះអង្គការទាំងពីរ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។
លោកបន្ដថា ខណៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទាន ចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់ នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការ កែលម្អគុណភាពជីវិត នៅក្នុងបណ្តាខេត្តនានា។
លោកទូតបញ្ជាក់ថា «យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅក្នុង ទីតាំងគម្រោងនីមួយៗ» ៕