ព័ត៌មានជាតិ

គ.ជ.ប ត្រៀមខ្លួនជាស្រេច ដើម្បីឲ្យការងារបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប ត្រៀមខ្លួន និងរៀបចំរួចជាស្រេចនូវផែនការមេ ដើម្បីធានាឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំជាមួយភាគី ពាក់ព័ន្ធ តាមប្រព័ន្ធវិដេអូអនឡាញ ស្ដីពី ប្រកាសផ្សព្វផ្សាយអំពី ការចាប់ផ្ដើមបើកដំណើរ ការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល។ លោកថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវកំណត់ដោយ នាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា «គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឲ្យការរៀបចំចាត់ចែងការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ»។

លោកប្រធាន គ.ជ.ប បានបន្ថែមទៀតថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គឺ គ.ជ.ប មានការងារជាច្រើន ដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ផងដែរ។ លោកថា ការងារទាំងនេះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្ដើម និងបញ្ចប់ច្បាស់លាស់៕

To Top