ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានទាំង៧កន្លែងមានប្រវែងសរុប៦៧០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង នៅថ្ងៃទី១៦ កុម្ភៈស្អែកនេះ។
យោងតាមក្រសួងសារធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងា រជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការ កម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។
ក្រសួងបញ្ជាក់ថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការស្ពានទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពាន មានប្រវែងសរុប៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ៕