ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខ្ញុំមិនមែនសុំជំនួយ ពីបរទេស យកមកបង្ហើយផ្ទះបាយខ្ញុំទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទូតជប៉ុន ប្រចាំកម្ពុជាថា សម្ដេច សុំជំនួយពីបរទេសនានា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន មិនមែនសុំមកធ្វើបង្ហើយផ្ទះបាយរបស់សម្ដេច នោះទេ។

សម្ដេចតេជោ ប្រាប់ទូតជប៉ុនបែបនេះ ក្រោយពីអ្នកប្រឆាំងមួយចំនួន បានលើកឡើងថា សម្ដេចពូកែសុំជំនួយពីបរទេស ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោយប្រទេសជាច្រើនបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្តារឡើងវិញ ក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពទាំងស្រុង។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ គេហៅថា រដ្ឋាភិបាលខ្ញុំពូកែស្មូម ខ្ញុំពូកែស្មូម តែខ្ញុំសុំនេះមិនមែនយកមកបង្ហើយផ្ទះបាយខ្ញុំទេ ។ ខ្ញុំសុំ ដើម្បីយកមកធ្វើស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់គ្នា»។

សម្ដេចតេជោបន្ដ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីជំនួយអភិវឌ្ឍន៍បរទេសទាំងអស់បានទេ ។ សម្ដេច ក៏បានអរគុណរដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាច្រើនសម្រាប់សាងសង់ នៅស្ពានទាំង៧នេះ រួមមាន ៖ នៅខេត្តក្រចេះ ចំនួន៥ និងខេត្តព្រៃវែង ចំនួន២ ផងដែរ៕

To Top