ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកំណត់ហេតុ គំនូសប្លង់បច្ចេកទេសសំណង់ ដែលជាតម្រូវការរបស់ស៊ីម៉ាក់

ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់កម្ពុជា និង ក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារ កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) របស់ជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើកំណត់ហេតុ លើគំនូសប្លង់បច្ចេកទេសសំណង់ ដែលត្រូវសាងសង់​ និងកំណត់ភារកិច្ចទទួលខុសត្រូវ​ របស់ភាគីទាំង២​ ដែលជាលទ្ធផល នៃការសិក្សាវាយតំលៃ ចំពោះតំរូវការរបស់ អង្គភាពស៊ីម៉ាក់។

យោងតាមហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្នុងរយ:ពេលមួយយ៉ាងខ្លី ប៉ុណ្ណោះក្រុមការងារបានសំរេច គោលដៅយ៉ាងច្បាស់លាស់ ​និងប្រកបដោយជោគជ័យ។

លោក ហេង រនតា សូមវាយតំលៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវ របស់ក្រុមទីប្រឹក្សាយោបល់ ​(កុងស៊ីតង់)​ និងក្រុមការងារបច្ចេកទេសJICA ដែលបានខិតខំបំពេញកិច្ចការនេះ ប្រកបដោយកិច្ចសហការគ្នា ស្អិតរមួត​និងភាតរភាព ដែលក្នុងនោះមានប្រធានក្រុមរបស់ JICA បានឆ្លងកូវីដ១៩ក្នុងបេសកកម្មនេះ​ ដែលទើបតែជាសះស្បើយ និងបានវិលត្រឡប់ទៅជប៉ុន​វិញ។

លោកថា នេះបង្ហាញអំពីការបេ្តជ្ញាចិត្ត យ៉ាងមុតស្រួចដើម្បីបុព្វហេតុ មនុស្សធម៌និងភាពរីកចំរើន របស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ។

លោក ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំថា​ អាគារទាំងឡាយ ទាំងស្ថិតនៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ក្នុងខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីន ស្ថិតនៅខេត្តសៀមរាប​ នឹងត្រូវឈរខ្ពស់ ត្រដែតឡើង ដើម្បីបំរើតំរូវការវិស័យមីន នៅកម្ពុជាបន្តពីឆ្នាំ២០២៥ទៅមុខទៀត​ ក្នុងគោលដៅពង្រឹង សមត្ថភាពអង្គភាពស៊ីម៉ាក់ ឱ្យបន្តបេសកកម្ម ដើម្បីដោះស្រាយវិបត្តិសំណល់ យុទ្ធភណ្ឌសង្គ្រាមយូរអង្វែង មានដូចជា​គ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងឡាយដទៃទៀត។

To Top