ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំ សមាជិកបក្សក្នុងមុខតំណែងសាធារណៈបន្ដដោះស្រាយ បញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានជំរុញឲ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងមុខតំណែងសាធារណៈ ត្រូវបន្ដដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។

ក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ គណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក បានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សម្ដេច មានប្រសាសន៍ថា «ជំរុញឲ្យថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ គណបក្សដែលស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗ នៅតាមមូលដ្ឋានខេត្តបាត់ដំបង សូមបន្តខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឲ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងនោះ រាប់ទាំងការដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែរ ស្រុកឯកភ្នំ និងស្រុកថ្មគោល»។

សម្ដេច ស ខេង ក៏បានលើកទឹកចិត្តឲ្យតួអង្គគណបក្សនៅតាមមូលដ្ឋានដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រមូលកម្លាំងគាំទ្រជូនគណបក្ស។ ភ្ជាប់នឹងការងារនេះ សម្ដេច ក៏បានជំរុញឲ្យខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ៕

To Top