នយោបាយ

កិច្ចប្រជុំអាស៊ាន មានអ្វីប្លែក?

កម្ពុជាបើកឆាក ប្រជុំអាស៊ាន៖

កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២២ ដែលជាកិច្ចប្រជុំបែបកូនកាត់ (ដោយផ្ទាល់ផង និងតាមអនឡាញផង)។ មានប្រទេសចំនួន៦ ដែលបានចូលប្រជុំដោយផ្ទាល់៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឡាវ សិង្ហបុរី និងឥណ្ឌូនេស៊ី។ ប្រទេស៣ទៀត ចូលរួមតាមអនឡាញ៖ ព្រុយណេ ថៃ និងវៀតណាម។ ដោយឡែកភូមាអវត្តមាន មិនបានចូលរួម។ កិច្ចប្រជុំ “ចង្អៀត” មិនមែន ជាការកម្រិតសម្លៀកបំពាក់ រឹបខ្លួនឱ្យចង្អៀតណែន ឬប្រជុំក្នុងបន្ទប់តូចចង្អៀតនោះទេ។ វាជាទម្រង់នៃកិច្ចប្រជុំមួយ ដើម្បីប្រមូលធាតុចូល ដោយការពិភាក្សាគ្មាន ការរឹតត្បិតនិងបើកចំហរជុំវិញ ប្រធានបទមួយចំនួន រួមទាំងការគិតគូរ ផែនការសកម្មភាព របស់អាស៊ាន សម្រាប់មួយឆ្នាំ២០២២ ក៏ដូចជាបញ្ហាប្រឈមនានា ដែលនឹងអាចកើតមាន។

កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន គឺជាការបើកឆាកនៃកិច្ចប្រជុំទី១ របស់មេដឹកនាំអាស៊ាន។ ជាទម្លាប់ កិច្ចប្រជុំនេះត្រូវបានធ្វើនៅក្នុងខែមករា ឬខែកុម្ភៈ។ កម្ពុជាបានគ្រោងប្រជុំម្ដងហើយ កាលពីខែមករា កន្លងទៅ តែត្រូវអាក់ខានទៅវិញ ដោយសារប្រទេសមួយចំនួន មិនអាចធ្វើដំណើរមកកម្ពុជាបាន នៅពេលដែលកម្ពុជា ជាម្ចាស់ផ្ទះមានបំណងចង់ឱ្យ មានការចូលរួមប្រជុំដោយផ្ទាល់។ ដោយសារតែការចង់បានបែបនេះ មិនអាចធ្វើទៅរួច ទើបកម្ពុជាសម្រេចចិត្ត ប្រជុំតាមបែបកូនកាត់ទៅវិញ ហើយអ្វីៗក៏បានដំណើរការ រលូនរហូតដល់ចប់។

ឮថាវៀតណាមមកដល់កម្ពុជាហើយ ហេតុអ្វីមិនអាចចូលប្រជុំបាន?

មិនមែនជាបញ្ហានយោបាយ ហើយក៏មិនមែនជារឿងសន្តិសុខដែរ តែវីរុសកូវីដ បានវាយលុករដ្ឋមន្រ្តីការបរទេសវៀតណាម បង្ខំឲ្យគាត់ចូលរួមប្រជុំតាមអនឡាញ ពីក្នុងបន្ទប់សណ្ឋាគារ សូហ្វីតែល ក្បែរផ្សារអ៊ីអន១ ដែលជាកន្លែងប្រជុំនេះតែម្ដង។

កិច្ចប្រជុំចប់ កប់ជាប់ឯកសារ ទៅវិញ៖

តាមការគ្រោងទុក សេចក្តីប្រកាសព័ត៌មាន របស់ប្រធានអាស៊ាន ត្រូវបានគ្រោងចេញផ្សាយ នៅប្រហែលម៉ោងបីរសៀល ក្រោយកិច្ចប្រជុំចប់ ប៉ុន្តែមិនអាចចេញរួច ធ្វើឱ្យអ្នកសារព័ត៌មានអន្ទះសារ “ចាំបាត់ចាំបាត់” រហូតអស់ ជាង២០ម៉ោង។

មានអ្វីនៅពីក្រោយ ការជាប់គាំងឯកសារនេះ?

ភូមា ជាបន្លាដ៏ស្អិតនិងជាចំណង ដ៏ក្រាស់មួយ ដែលបង្ខំឱ្យកម្ពុជាត្រូវសម្រេចចិត្ត ដកឬស្រាយចេញ។ សេចក្ដីព្រាងនៃសេចក្តីប្រកាសព័ត៌មាន របស់ប្រធានអាស៊ាន ពាក់ព័ន្ធទៅនឹងភូមា បានធ្វើឱ្យកម្ពុជាគិតច្រើន ម្ខាងជាគ្រួសារធំអាស៊ាន៩ ជាមួយសហគមន៍អន្តរជាតិ និងម្ខាងទៀតជាចំណងការទូត និងបេសកកម្មប្រវត្តិសាស្រ្ត របស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលត្រូវធ្វើការ១ឆ្នាំពេញជាមួយ។ ភូមាមិនសប្បាយចិត្តសោះឡើយ នៅពេលដែលអាស៊ានគ្នា ឯងព្រួតគ្នាសរសេរ ជាលាយលក្ខណ៍អក្សរ ឱ្យរបបយោធាភូមា ដឹកនាំដោយលោក មីង អោងលាំង គួរធ្វើនេះ គួរធ្វើនោះជាមួយប្រេសិតពិសេស របស់ប្រធានអាស៊ាន រហូតដល់ស្នើឱ្យកម្ពុជា លុបចោលស្ទើរទាំងអស់។ នេះហើយជាវគ្គមួយ នៃបទចម្រៀង “ចាហួយហើយនិងសង់ខ្យា យកនាងនេះចោលនាងនោះ ធ្វើម៉េចទៅចឹង?”។ ទីបំផុត កម្ពុជាដើរលើផ្លូវកណ្តាលមួយដោយសម្រេចចិត្តមិនលុបឡើយ គ្រាន់តែកែសម្រួលពាក្យពេចន៍ខ្លះ។ នេះហើយជាការទូតទន់ភ្លន់និងឈ្លាសវៃមួយរបស់កម្ពុជានៅដើមឆ្នាំ២០២២។

ភូមាមិនដាច់អាល័យ ពីអាស៊ាន៖
កម្ពុជាបានអញ្ជើញភូមា ឱ្យបញ្ជូនតំណាងចូលរួម ដែលមិនមែនជាអ្នកនយោបាយ តែភូមាបានសម្រេចចិត្ត ធ្វើពហិការដោយបង្ខំ បែបមិនចង់ចាញ់ចិត្ត លើលក្ខខណ្ឌដែលអាស៊ាន ដទៃទៀតមិនឱ្យមានតំណាងរបស់ខ្លួន ជាអ្នកនយោបាយ ថ្នាក់រដ្ឋមន្ត្រី ឬក៏ឋានៈខ្ពស់ជាងនេះ ដរាបណារបបយោធាភូមា មិនអាចធ្វើឱ្យមានការផ្លាស់ប្ដូរ ឬវិវត្តទៅមុខលើកិច្ចព្រមព្រៀង ៥ចំណុច ដែលបានឯកភាពគ្នា កាលពីខែមេសាឆ្នាំកន្លងទៅ។ ទោះជាសម្រចចិត្តពហិការមែន តែភូមានៅតែមិនអស់អាល័យរហូតសូមសិទ្ធិ “លបស្តាប់” តាមខ្សែអនឡាញដោយមិនឱ្យគេឃើញមុខ។ មកដល់ពេលនេះ អាស៊ានខ្លួនឯងពិបាក នឹងបដិសេធលើការបរិយាយនានា របស់អ្នកខាងក្រៅដែលថា អាស៊ានដើរដល់ផ្លូវបំបែកមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន ដែលធ្លាប់តែជុំគ្នា ក្នុងរង្វង់គ្រួសារ១០ ធ្លាក់មកនៅ៩ នេះមិនទាន់និយាយ ទៅដល់ការបែងចែកប៉ូល លើនយោបាយការបរទេស ក្នុងបរិបទភូមិសាស្រ្តនយោបាយ រវាងចិននិងអាមេរិកផង។

បញ្ហាភូមា គ្របដណ្តប់លើកិច្ចប្រជុំ៖
រឿងរ៉ាវជាច្រើន ត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែបញ្ហាដែលក្តៅជាងគេ ជជែកច្រើនជាងគេ គឺរឿងភូមានេះឯង។ ដូចសព្វមួយដង រាល់កិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ តែងតែគ្របដណ្ដប់ លើប្រធានបទឬរបៀបវារៈនៃកិច្ចប្រជុំ។ បញ្ហាភូមា ជារឿងក្នុងរង្វង់គ្រួសារអាស៊ាន ដែលក្លាយជាការប្រទាំងប្រទឹសមួយ ទៅនឹងធម្មនុញ្ញអាស៊ាន ដែលមិនអនុញ្ញាតឱ្យ សមាជិកអាស៊ាន៩ទៀត ជ្រៀតជ្រែក ប៉ុន្តែពេលនេះ អាស៊ានត្រូវបានចាប់បង្ខំមិនឱ្យឈរឱបដៃ មើលទៀតឡើយ នោះក៏ដោយសារតែអំពើរហិង្សា ការបង្ហូរឈាមនៅតែបន្ត ជាពិសេសការធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សដែលឈ្នះឆ្នោត និងអ្នកនយោបាយ រួមទាំងលោកស្រី អោង សានស៊ូជី ក្រោយពីការដណ្តើមអំណាច ដោយរបបយោធាដឹកនាំ ដោយលោក មីង អោងលាំង។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បុរសសម្តីកាច ដើមឆ្នាំ២០២២៖

លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានធ្វើឱ្យមេដឹកនាំកម្ពុជា ខ្នក់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីគាត់បានរិះគន់កម្ពុជា ជុំវិញដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនទៅកាន់ប្រទេសភូមា កាលពីដើមខែមករាកន្លងទៅ។ ពាក្យពេចន៍ ដែលលោកប្រើត្រូវបាន អ្នកការទូតអាជីពយល់ថា ជាភាសាមួយដែលកម្រ ឬមិនធ្លាប់មានសម្រាប់ប្រមុខការទូត នៃប្រទេសមួយ រិះគន់ដល់ប្រមុខរដ្ឋាភិបាល នៃប្រទេសមួយទៀត ជាពិសេសនៅក្នុងរង្វង់ គ្រួសារអាស៊ាន។ សម្រង់សម្តីដើម៖ “​​ដំណើរ​ទស្សនកិច្ច ​របស់​គាត់ (ហ៊ុន សែន) ​ត្រូវ​បាន​បកស្រាយ ថា​ជា​ការ​ទទួល​ស្គាល់​ របបយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា។ ម៉ាឡេស៊ី​ យល់​ឃើញ​ថា…គាត់គួរតែពិគ្រោះជាមួយ មេដឹកនាំអាស៊ានផ្សេងទៀត ហើយស្វែងរកទស្សនៈ របស់យើងអំពីអ្វី ដែលគាត់គួរធ្វើ ប្រសិនបើគាត់ទៅមីយ៉ាន់ម៉ា”។ សម្តេច ហ៊ុន សែន បានប្រតិកម្មឆ្លើយតបថា ជាការប្រើប្រាស់ពាក្យសម្ដី មិនគប្បីលើថ្នាក់ដឹកនាំអាស៊ាន “មានលក្ខណៈព្រហើន មិនសមជាអ្នកការទូត និងខ្វះការគួរសម”។

លោក Saifuddin Abdullah ជារដ្ឋមន្រ្តីតែមួយរូបគត់ ដែលស្លៀកសម្លៀក បំពាក់ខុសគេ “អាវបាទីកនិងស្បែកជើងប៉ាតតា” ពេលចូលប្រជុំ។ អាវបាទីក ជាអាវប្រពៃណី របស់ម៉ាឡេស៊ី ដែលគេបានចេញគោលនយោបាយមួយ លើកទឹកចិត្តឱ្យមន្រ្តីរដ្ឋាភិបាល របស់ខ្លួន ពាក់អាវបាទីក (Batik) រៀងរាល់ថ្ងៃព្រហស្បតិ៍ (ចំថ្ងៃប្រជុំនៅភ្នំពេញ) ដើម្បីជំរុញផលិតផល សិប្បកម្ម ក្នុងស្រុករបស់គេ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីម៉ាឡេស៊ី រូបនេះ បានសរសេរល្អ ពីកិច្ចប្រជុំនៅភ្នំពេញ លើបណ្តាញសង្គមរបស់លោក បន្ទាប់ពីប្រជុំចប់ ខុសពីខ្លឹមសារ ដែលលោកធ្លាប់ថ្លែង មុនមកដល់ភ្នំពេញ។

ជំទាវមេដឹកនាំអាស៊ាន ទៅណាមកណា ចូលចិត្តទិញ អ្វីពេលមកដល់កម្ពុជា?

លើកនេះ មានជំទាវរដ្ឋមន្រ្តីការបរទេស តែពីរូបប៉ុណ្ណោះ ដែលបានមកតាមស្វាមី៖ ម៉ាឡេស៊ី និងហ្វីលីពីន។ មិនខុសពីលើកមុនៗឡើយ ផ្សារធំថ្មី ផ្សារទួលទំពូងគ្រឿងប្រាក់ គ្រឿងអលង្ការ ហូលផាមួង និងត្រីងៀត សុទ្ធតែជាវត្ថុនិងរបស់ដែលមិនអាចគេចផុត ពីក្រសែភ្នែក របស់ភរិយាថ្នាក់ដឹកនាំ បរទេសឡើយ។

អំរែករបស់កម្ពុជា៖
ឆ្នាំ២០២២ ជាឆ្នាំអំរែកដ៏ធំមួយ របស់កម្ពុជា។ តាំងពីមួយឆ្នាំមុនម្លេះ កម្ពុជាបានត្រៀម បញ្ជីការងារដែលត្រូវធ្វើ និងត្រូវរែកពន់។ ក្រោយទទូលតួនាទី ជាប្រធានអាស៊ាន បាន៧ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើដំណើរ ទៅកាន់ប្រទេសភូមា ជាបេសកកម្ម “បើកបំពង់លូ ដែលស្ទះក្រោយពីទឹកលែងហូរ អស់ជាច្រើនខែ”។ យ៉ាងណាក៏ដោយ កម្ពុជាពុំអាចគេចចេញ ពីបញ្ហាធំៗ និងបញ្ហាប្រឈម នៅឡើយទេ នោះគឺ៖ ជំងឺរាតត្បាតកូវីដ-19; ឥទ្ធិពលភូមិសាស្រ្តនយោបាយ នៃគូប្រជែងរបស់មហាអំណាចពីរ (ចិន និងអាមេរិក); វិបត្តិតភាគនៅភូមា; ជម្លោះតជំនាន់ នៅសមុទ្រចិនខាងត្បូង និងចុងក្រោយបញ្ហា ប្រឈមផ្ទៃក្នុង របស់អាស៊ានខ្លួនឯង។ របៀបវារៈទាំងអស់នេះ នឹងធ្វើឱ្យកៅអីប្រធានអាស៊ាន រវល់រហូត។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជោគជ័យធំ នៃប្រធានអាស៊ាន របស់លោកប្រហែលនឹងត្រូវ បានកំណត់ដោយបញ្ហាធំៗ មួយចំនួន៖ បើមានវឌ្ឍនភាពវិជ្ជមាន នៃវិបត្តិនៅភូមា; ការចរចាក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង ត្រូវបានបញ្ចប់ (CoC); និងការវិវត្តជាវិជ្ជមាន នៃទស្សនវិស័យអាស៊ាន សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific)។

កម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំខ្នាតយក្សធំពីរទៀត នៅខែសីហា និងខែវិច្ឆិកា នោះគឺ៖ ថ្នាក់រដ្ឋមន្រ្តីការបរទេស មកពី២៧ប្រទេស និងកិច្ចប្រជុំកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល មកពី១៨ប្រទេស រួមទាំង អាមេរិក, ចិន, រុស្សី, ជប៉ុន និងឥណ្ឌា។ល។ ខែវិច្ឆិកា ក៏ជាខែដែលប្រទេសពីរទៀតនៅក្នុងអាស៊ាន៖ ថៃត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រីឯឥណ្ឌូនេស៊ី ត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G-20។
មេដឹកនាំកំពូល នៃប្រទេសពាក់ព័ន្ធទាំងអស់ ត្រូវបានកក់ទុក សម្រាប់កិច្ចប្រជុំទាំងបីនេះ តែនៅមិនទាន់ប្រាកដ នៅឡើយទេថា Omicron ឬសណ្តានគ្រួសារ នៃវីរុសកូវីដ នឹងនៅបន្តគំរាមកំហែង បន្តរហូតដល់ពេលនោះឬយ៉ាងណា?

ដោយ៖លោក ពុយ គា

To Top