ភ្នំពេញ: លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចូលរួម ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្ស សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នារសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
លោក សូមអបអរសាទចំពោះ សមិទ្ធផលអគាររឹងមាំនេះ ដែលត្រូវបានកសាង នៅលើទីតាំងដែលធ្លាប់ជា តំបន់ប្រយុទ្ធគ្នា ហើយបានបន្តអភិវឌ្ឍរីកចម្រើនជាលំដាប់ ដោយមានការចូលរួមចំណែករបស់ សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយ នៃដំណើរការសា្តរប្រទេសឡើងវិញដោយ គណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយ នៅក្រោយថ្ងៃជ័យម្នះលើរបបប៉ុលពត គឺបានចាប់ផ្តើមកសាងប្រទេស ពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង ៤០ ឆ្នាំមកនេះ ហើយក៏នៅតែ បន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។ តួយ៉ាងដូចជាខេត្តព្រះវិហារនេះស្រាប់ ដែលមានការអភិវឌ្ឍប្រែមុខមាត់ពីទីកោះលើដីដោយសារមិនមានខ្សែផ្លូវគមនាគមន៍តភ្ជាប់ ប៉ុន្តែឥឡូវគឺពោរពេញដោយហេដ្ឋារចនាសម្ព័ន្ធរីកដុះដាល និងមានប្រព័ន្ធផ្លូវខ្វាត់ខ្វែង ហើយបានក្លាយទៅជាតំបន់អភិវឌ្ឍនទាំងវិស័យកសិកម្ម និងទេសចរណ៍ ធានាបាននូវភាពសុខុដុរម្យនា និងជីវភាពថ្កើងថ្កានរបស់ប្រជាពលរដ្ឋ។
លោក បន្ថែមថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ ក្នុងការដឹកនាំប្រទេស ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និង មាតុភូមិកម្ពុជា ដោយប្រកាន់យកគោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋជា កត្តាអាទិភាពចម្បង និងចាំបាច់បំផុត ។ សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយ សម្តេចតេជោជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចស្រពវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំ សម្រាប់ការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ។ គួរឈ្វេងយល់ផងដែរថា ប្រសិនបើ សម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ ក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើលលប់ពី អ្វីដែលបានកើតទ្បើង។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹក ក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញគណបក្សមួយចំនួនទៀត បានយកឱកាសធ្វើការឃោសនាអុចអាល ព្យាយាមរកលេសក្នុងការចោទរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ប្រជាជនដោយឥតស្រាកស្រាន។
លោក ក៏សូមអញ្ជើញ ចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្ស ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេស លើឆាកអន្តរជាតិ។ ទាំងនេះ គឺជាកិច្ចតបស្នងគុណ ចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើ គណបក្សប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចតេជោ៕