ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដី នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន សម្រាប់ការបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការ ឥតសំណង របស់រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពិធីក្រុងពាលី ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ នាថ្ងៃទី២២ កុម្ភៈស្អែកនេះ ។
បើតាមមន្ត្រីជំនាញ ធ្លាប់បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន ” ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទទួលបានគោលការណ៍អនុញ្ញាត ខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះ សម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃ នៃកិច្ចសន្យាចំនួន ៣០០.០០០.០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃ នៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើស ជាក្រុមហ៊ុនមៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យា ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២.៣៤០.០០០.០០០ យ៉េនជប៉ុន បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕