ព័ត៌មានជាតិ

សម្ដេចស ខេង អញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសណ្ឋាគារសុខាភ្នំពេញ ។

យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២១ សមត្ថកិច្ចធ្វើការបង្ក្រាបទល្មើសគ្រឿងញៀនខុសច្បាប់ បាន៥.៩៧៤ករណី ឃាត់ខ្លួន១២.៦៧២នាក់ ក្នុងនោះ រឹបអូសយកសារធាតុញៀនគ្រប់ប្រភេទសរុប ៣.៥៤៨.១៣គីឡូក្រាម, សារធាតុគីមីផ្សំជាង ១តោន, កញ្ឆាក្រៀម ១០៧.៤៩៤គីឡូក្រាម និងដើមកញ្ឆា ១១៨.៥០៥ដើម។

ជាមួយគ្នានេះដែរ ឆ្នាំ២០២១ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បាន៣០០ករណី ឃាត់ខ្លួន ៤៤០នាក់ ក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបាន ១.១០៧នាក់ (បញ្ជូនទៅសង្គមកិច្ច ៣១នាក់ និងប្រគល់ឲ្យអាណាព្យាបាលគ្រប់គ្រងវិញ ១.០៧៥នាក់)។

ជាមួយគ្នានេះដែរ ចំពោះគ្រោះថ្នាក់ចរាចរណ៍ មាន២.៦៥៤លើក ស្លាប់១.៤៨៥នាក់ របួស ៣.៥៩៧នាក់ អគ្គិភ័យ៦៧០លើក ស្លាប់១៨នាក់ របួស ៣៥នាក់។ ដោយឡែក ឆេះផ្ទះ ៤៧២ខ្នង, ឆេះតូប ២៣១តូប ហើយករណីផ្ទុះអាវុធកើតឡើង ៣១លើក ស្លាប់ ៩នាក់ របួស ៣០នាក់ និងគ្រោះថ្នាក់ផ្សេងៗ ៣.៩៩២លើក ស្លាប់ ៣.៥៧១នាក់ របួស ៥៤២នាក់ និងខូចខាតទ្រព្យសម្បត្តិ មាស ប្រាក់ មួយចំនួន ៕

To Top