ព័ត៌មានជាតិ

កម្ពុជា នឹងចុះត្រជាក់ចន្លោះពី ១៧-២០អង្សាសេ ពីថ្ងៃ២៣កុម្ភៈ ដល់១មីនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៣ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខាងជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនឹងចុះត្រជាក់ ចន្លោះពី១៧- ២០អង្សាសេ ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី១៨-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៦-៣២អង្សាសេ ។ ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្ដាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៨-២០អង្សាសេ។ ចំពោះភ្លៀងវិញ នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ អាចមានក្នុងកម្រិតតិចតួចប៉ុណ្ណោះ ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី១៧-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៥-៣១អង្សាសេ។ ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ ក្នុងកម្រិតពី១៧-១៩អង្សាសេ និងអាចមានខ្យល់ល្បឿនពីក្នុង ១០-១៥អង្សាសេ ។

ចំពោះតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៦-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ ៗ ៕

To Top