ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់ជប៉ុនបានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ជាព្រឹត្តិការណ៍កម្ររកមាន ។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្ដេចតេជោបានមានប្រសាសន៍ថា បើឲ្យសម្ដេចធ្វើនាយករដ្ឋមន្ត្រីជប៉ុន ក៏សម្ដេចធ្វើអត់កើតដែរ ដោយហេតុថា ធ្វើនាយករដ្ឋមន្ត្រីកម្ពុជា គ្រាន់មានពេលវេលាសម្រាប់វាយកូនហ្គោល តែធ្វើនាយករដ្ឋមន្ត្រីជប៉ុន គឺអត់មានពេលវេលាផ្ទាល់ខ្លួនទេ ។
សម្ដេចបន្តថា នៅចាំបានទេពេលលោក មូរី លាលែងពីតំណែង ក្នុងពេលនោះមានឧប្បត្តិហេតុនាំការបុកនាវា ពីនាវាអាមេរិកទៅដល់ នាវាជប៉ុនដែលមាននិស្សិតកំពុងចុះកម្មសិក្សា នៅកោះហាវ៉ៃ ស្របពេលដែលគេថតបានលោក មូរី កំពុងវាយកូនហ្គោល ដែលបញ្ហានេះហើយគេទាមទារឲ្យលោក មូរី លាលែងពីតំណែងទាល់តែបាន ។
សម្ដេចតេជោលើកឡើងថា សម្ដេចធ្វើមិនបានដូច នាយករដ្ឋមន្ត្រីជប៉ុនទេ ដែលក្នុងមួយថ្ងៃ អាចទទួលទានអាហារជាមួយគណៈប្រតិភូដល់ទៅ៣ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «មេបញ្ជាការជើងគោករបស់កម្ពុជា ត្រូវបានទទួលឲ្យធ្វើសវនាការ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហើយនេះជាចំណុចពិសេស ក្នុងទំនាក់ទំនងរបស់យើង ដែលខ្ញុំបានបញ្ជាក់ថ្ងៃមុនហើយ ម៉ាណែត បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ៣រូបហើយ ដែលឆ្នាំ២០១០ ជួបលោក អាតូយ៉ាម៉ា ។ ២០១៨ ជួប ស៊ិន ស៊ូអាបេ ។ ២០២២ ជួបគីស៊ីដា ។ ចឹងមិនងាយរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឬប្រធានសភាអីទស្សនកិច្ច នៅជប៉ុន មិនងាយបានជួបនាយករដ្ឋមន្ត្រីជប៉ុនទេ ព្រោះគាត់រវល់ណាស់ ប៉ុន្តែលើកនេះគឺគាត់ឆ្លៀតទទួល នេះបង្ហាញឲ្យឃើញពី កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ។ នេះជាព្រឹត្តិការណ៍ដ៏កម្រ» ។
កាលពីសប្តាហ៍មុនលោក ហ៊ុន ម៉ាណែត បានធ្វើដំណើរបំពេញទស្សនកិច្ចនៅជប៉ុន តាមការអញ្ជើញរបស់ភាគីជប៉ុន ។ មុនពេលចេញដំណើរទៅជប៉ុន ដោយសារស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកំពុងរាតត្បាតខ្លាំងពេក ជាហេតុពិបាកធ្វើដំណើរនោះ ភាគីជប៉ុនក៏បានបញ្ជូនយន្តហោះពិសេសរបស់ខ្លួនមកទទួលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូផ្សេងទៀត ៕