ភ្នំពេញ ៖ និយាយដល់ស្ថានភាពជំងឺកូវីដ១៩ដែលកំពុងតែបន្តរីករាលដាល ជាពិសេសមេរោគប្រភេទថ្មី អូមីក្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថាននីយ៍ប្រព្រឹត្តកម្មទឹកកង្វក់បឹងជើងឯក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានរំលឹកនិងកោតសរសើរ នូវការរៀបចំដ៏ត្រឹមត្រូវ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការខិតខំប្រឹងប្រែង បង្កើតមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ។
សម្តេចតេជោ បានមានប្រសាសន៍ថា “ហើយកោតសរសើរ ឯកឧត្តម ឃួង ស្រេង ដែលបានខិតខំ ធ្វើការងារទាំងអស់នេះ ហើយប្រឹងធ្វើម៉េច មន្ទីរពេទ្យដែលត្រូវដាក់បានជាង១ម៉ឺននាក់ បើទោះបីកូវីដថយចុះ ត្រូវតែមានមន្ទីរពេទ្យឲ្យបាន ដើម្បីរំដោះស្តាតអូឡាំពិក (ពហុកីឡដ្ឋានជាតិអូឡាំពិក) ប្រគល់ទៅឲ្យខាងកីឡា ប្រកួតស៊ីហ្គេមឆ្នាំក្រោយ ។ បើទោះបីមានកូវីដ ក៏ប៉ន្តែស៊ីហ្គេមឆ្នាំក្រោយខែ៥ នៅតែធ្វើ មិនដឹងថាវៀតណាមឆ្នាំនេះ វៀតណាមធ្វើបាន ឬមិនបាន បើសភាពការកំពុងតែអីចឹង។ ឯយើងបាល់ទាត់នេះ បាល់ទាត់របស់យើងនេះ គឺអ្នកដែលមិនបានចូលប្រកួត៣ក្រុម ៤ក្រុម” ។
សូមរំលឹកថា មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ មានចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ ក្នុងរយៈពេល១ឆ្នាំ។ ការចាប់ផ្តើមដំណើរការសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ១៩នាពេលនេះ បានបង្ហាញឲ្យឃើញពីការគិតគូ របស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ១៩ ដែលមិនដឹងថានឹងបញ្ចប់នៅពេលណា ហើយអាគារមណ្ឌលព្យាបាល ជំងឺកូវីដ១៩នេះ ក៏ជាសមិទ្ធផលថ្មី ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕