ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធខេត្ត-ស្រុក-ឃុំ ទូទាំងខេត្តក្រចេះ ។
ក្នុងឱកាសយាងចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រះអង្គម្ចាស់ កោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសហជីវិន សហជីវិនី ដែលបានចូលរួមបំរើយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចឥតងាករេ ។
ព្រះអង្គបន្តថា ក្នុងព្រះឋានៈ ជាព្រះប្រធានគណបក្ស ព្រះអង្គនឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឲ្យរុងរឿង មានប្រជាប្រិយភាព ដើម្បីគណបក្សទទួលបានការគាំទ្រសារជាថ្មី ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះបន្ទូលសង្កត់ធ្ងត់ថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែមានភាពរឹងមាំ ទូទាំងប្រទេស ទាំងរចនាសម្ព័ន្ធ និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ៕