ព័ត៌មានជាតិ

គណៈកម្មការជំនាញរដ្ឋសភា ជួបរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្ត វិស័យអប់រំក្នុង និងក្រោយវិបត្តិកូវីដ

ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ។

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ ជួបប្រជុំជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩»។

កិច្ចប្រជុំនានេះ គឺជាលើកទី៣ នៃជំនួបផ្លូវការ រវាងគណៈកម្មការទី៧ជាមួយក្រសួងអប់រំ ដោយក្នុងនោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការទី៧ បានជួបប្រជុំជាមួយក្រសួង ដើម្បីធ្វើការ ពិភាក្សាលើប្រធានបទ៖ «ការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី» ។ បន្ទាប់មក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការ និងក្រសួងបានរៀបចំសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ «ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌកម្ពុជា និងសាកល»៕

To Top