ព័ត៌មានជាតិ

អ្នកកើតកូវីដ ត្រូវដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរមូលដ្ឋាន ឬទៅមណ្ឌលសុខភាព

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរហ័ស រក កូវីដ-១៩ ហើយលទ្ធផលតេស្តវិជ្ជមាន ត្រូវដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។

លោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញនបានឲ្យដឹង នៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា ប្រជាពលរដ្ឋដែលបានធ្វើតេស្តរហ័ស រក កូវីដ-១៩ និងមានលទ្ធផលតេស្តវិជ្ជមាន ត្រូវដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។ ការដែល ប្រជាពលរដ្ឋ ស្នើសុំព្យាបាល នៅតាមផ្ទះ គឺមានប្រព័ន្ធការងារនៅតាមខណ្ឌរួចហើយ ។

លោកបន្តថា ចំពោះកិច្ចសន្យាយល់ព្រម ធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋ ត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល(+) ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។

ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋ ត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។

អ្នកជំងឺកូវីដ-១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍ អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំ ដែលផ្ដល់ការថែទាំព្យាបាល នៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សន្យាអនុវត្តវិធានសុខាភិបាល ក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះទី១ ស្នាក់នៅបន្ទប់ដាច់ដោយឡែក ពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ ។

ទី២ ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។
ទី៣ បរិភោគអាហារ មានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឲ្យបានច្រើន ។ ទី៤. តាមដានសុខភាពខ្លួនឯងឲ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ ។

ទី៥ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ទី៦ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ។ ទី៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូ និងទឹកឱ្យបានត្រឹមត្រូវ និងទី៨ . វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឲ្យចម្លងជំងឺដល់បុគ្គល ដទៃ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

To Top