ព័ត៌មានជាតិ

ដំណឹងល្អ! សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ សហការគ្នា ជាមួយ ស៊ីប៊ីស៊ី ក្នុងការបំពាក់ ជំនាញវិជ្ជាជីវៈកម្រិត ឧត្តមសិក្សា ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម ដល់និស្សិតកម្ពុជា

ភ្នំពេញ​៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្រុមហ៊ុនស៊ីប៊ីស៊ី ដើម្បីរួមបញ្ចូលគ្នាថ្មីមួយ ដែលមិនធ្លាប់មានពីមុន មករវាងវិស័យឯកជន ជាមួយនឹងថ្នាក់ឧត្តមសិក្សា។​ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ RUPP ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃ អង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាងភាគីទាំងពីរ កាលពីម្សិលមិញ គឺដើម្បី ផ្ដល់ឱកាសដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពសក្ដិសម នឹងទទួលអាហារូបករណ៍ ថ្នាក់បណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និង​វិស្វកម្ម​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។​​

ការឧបត្ថម្ភទឹកប្រាក់ចំនួន​​ ៨ ម៉ឺនដុល្លារគឺមានបូករួមទាំង ការបំប៉នជំនាញវិជ្ជាជីវៈ ​និង​យល់ដឹងពី វិស័យការងារដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ និងការវិភាគទិន្នន័យ ពី​ក្រុមហ៊ុនស៊ីប៊ីស៊ី។​ 

សាកលវិទ្យាល័យ ​កំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេស ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ “អាហារូបករណ៍ CBC Data Science and Engineering” នឹងបើកជូននិស្សិតកម្ពុជា ចំនួន ២ នាក់ ដែលទទួលបានតំណែងកំពូល ក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។ លើសពីការគ្របដណ្តប់ពេញលេញនៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍  CBC ក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្ម ដើម្បីផ្តល់នូវការបង្ហាញ ការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវ សម្រាប់និស្សិត ពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះ​គឺ​មាន​គោល​បំណង ​ក្នុង​ការ​ធ្វើ​ឱ្យ​និស្សិត​ទទួល​បាន​ ​ជំនាញ​ដែលឲ្យគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ទីផ្សារ​នៅ​ពេល​ពួកគេ ​បញ្ចប់​ការ​សិក្សា។

លោកបណ្ឌិត​​ ជេត ជាលី​ សាកលវិទ្យាធិការ បានមានប្រសាសន៍ថា “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រាប់ប្រទេស។ សម្រាប់កម្មវិធីចុះហត្ថលេខា នៅថ្ងៃនេះ ជា គំរូនិងសក្ខីភាពមួយ បង្ហាញពីការចូលរួមរបស់ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) នៅក្នុងការផលិតធនធានមនុស្ស សម្រាប់សង្គមជាតិយើង។

លោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence)​ គឺជាកត្តាចម្បង ដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី៤នេះ”។

លោកស្រី បន្តថា សាកលវិទ្យាល័យ បានបង្កើតថ្នាក់សិក្សា លើជំនាញដ៏សំខាន់នេះ ដល់និស្សិតកម្ពុជា ប្រព្រឹត្តឡើងនៅខណៈពេលដ៏សមស្រប។ “នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម​ ខ្ញុំមានសុទិដ្ឋិនិយមថាកម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធាន យុវជនដែលមានសម្ថភាព ច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត នៅវិស័យបច្ចេកវិទ្យា​ សុខមាលភាព ទូរគមនាគមន៍​ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។​ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយការបង្កើតដំណោះស្រាយ ទៅដល់ប្រជាជនយើង ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ”

លោកបណ្ឌិត ងួនផាន់ ភក្ដី  ព្រឹទ្ធបុរស មហាវិទ្យាល័យវិស្វកម្ម​បានមានប្រសាសន៍ថ “តាមរយៈថវិកា​របស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោម ការណែនាំនិងជួយជ្រុំជ្រែងពី លោកសាកលវិទ្យាធិការ មហាវិទ្យាល័យវិស្វកម្ម បានទទួលការអនុញ្ញាតិ ពីក្រសួងអប់រំយុវជននិងកីឡា ឲ្យទទួលនិស្សិតសិក្សាមុខ ជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ។

សម្រាប់ការចុះហត្ថលេខានេះ លើអនុស្សរណៈ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) បានផ្តល់អាហាររូបករណ៍ថ្លៃសិក្សា (ដល់និស្សិតចំនួន៨នាក់) សម្រាប់រយៈពេលបួនឆ្នាំ ដែលមាន ថវិការសរុបចំនួន  ៨ម៉ឺនដុល្លារ (ប្រមាណ ជាង ៣២០លានរៀល)។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមចុះឈ្មោះចូលរួមប្រឡង ដើម្បីទទួលបានអាហាររូបករណ៍នេះ ផងដែរ។”

To Top