ភ្នំពេញ៖ ដោយសារតែសង្គ្រាម ធ្វើឲ្យផ្ទៃដីកម្ពុជា បន្សល់ទុកគ្រាប់មីនយ៉ាងច្រើន តែសម្រាប់រយៈពេល ២៩ឆ្នាំកន្លងមកនេះ ក្រុមអង្គភាពដោះមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់មីន មិនទាន់ផ្ទុះលើទំហំដី ជាង២ពាន់គីឡូម៉ែត ខណៈជនរងគ្រោះ ថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៤នាក់ ក្នុងឆ្នាំ២០២១ ។ នេះយោងតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹង អំពីមីន២៤ កុម្ភៈ ២០២២។

លិខិតរបស់សម្តេចបញ្ជាក់ថា “គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិក សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋ ទទួលផលចំនួន៧ ៣២២ ៥៣៦នាក់” ។
ក្នុងនោះ បោសសម្អាតមីន ប្រឆាំងមនុស្សចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះ បានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ ។

សម្តេចលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគិតគូរ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាក របស់បណ្តាប្រទេសរងផលប៉ះពាល់ដូចគ្នា តាមរយៈការបញ្ជូនកងកម្លាំង រក្សាសន្តិភាព ចូលរួមបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន ៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកណ្ដាល សរុបចំនួន ៧ ៨៩៩នាក់ ។
សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេង យ៉ាងណាក៏ដោយ ក៏កម្ពុជា ត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ចំនួន១ ២៤០គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបានចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” ។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្តេជ្ញា នឹងបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហា បង្កឡើងដោយមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ២០១៨-២០២៣ និងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន២០១៨-២០២៥ ៕




