ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាអាជ្ញាធរដោះស្រាយ សកម្មភាពតវ៉ានានា ដោយសន្ដិវិធី និងបញ្ចៀសហិង្សា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរ ត្រូវខិតខំដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សា ជាដាច់ខាត។

ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «អាជ្ញាធរ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាព អុជអាលបំផុសបំផុលញុះញង់ ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ នៅក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួល ដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា នៅមូលដ្ឋានដោយសន្តិវិធី និងខិតខំបញ្ចៀសឲ្យបាននូវ រាល់អំពើហិង្សាតាមគ្រប់រូបភាព»។

សម្ដេចបន្ដថា អាជ្ញាធរបន្តរួមគ្នា រក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឲ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជ សុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ, បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅកម្ពុជា។

សម្ដេចបន្ថែមថា អាជ្ញាធរ និងកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់ការគាំទ្រ និងសហការជាមួយ គ.ជ.ប ដើម្បីចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លើសពីនេះទៀត សម្ដេច ស ខេង ក៏បានស្នើកងកម្លាំងនគរបាលជាតិ ត្រូវបន្តសហការជាមួយ កងយោធពលខេមរភូមិន្ទ បង្កើនការគ្រប់គ្រងព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ, បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន, បង្ការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទល្មើស ឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជិតខាង ដើម្បីគ្រប់គ្រងការចេញ ចូលឆ្លងកាត់ព្រំដែន និងបន្តខិតខំជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ៕

To Top