ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ពលរដ្ឋមិនមានភាពកក់ក្ដៅ ទើបដាក់ពាក្យបណ្ដឹង តាមគេហទំព័ហ្វេសប៊ុក សម្ដេចផ្ទាល់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ដោយសារតែប្រជាពលរដ្ឋមិនមានភាពកក់ក្ដៅ ជាមួយមន្ដ្រីថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ទើបមានពលរដ្ឋដាក់ពាក្យបណ្ដឹង តាមគេហទំព័ហ្វេសប៊ុក សម្ដេចផ្ទាល់បែបនេះ។

ជារៀងរាល់ខែពលរដ្ឋ ដែលបានដាក់ពាក្យបណ្តឹង តាមហ្វេសប៊ុកមានជាហូរហែរ ហើយក៏ត្រូវបានក្រុមការងារ បញ្ជូនទៅជំនាញ និងមានខ្លះបានដោះស្រាយចប់ ជាស្ថាពរផងដែរ ។

ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា គេហទំព័រហ្វេសប៊ុករបស់សម្ដេច នាពេលបច្ចុប្បន្នទទួលសំណូមពរ និង បណ្ដឹងពីប្រជាពលរដ្ឋតាមរយៈខំមិន ហើយបណ្ដឹងភាគច្រើន ពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពនានា។

សម្ដេចមានប្រសាសន៍ថា «បញ្ហានេះ យើងមើលមួយជ្រុងទៅហាក់ដូចជាវាល្អណាស់ ប៉ុន្ដែយើងមួយជ្រុងទៀតហាក់ដូចជាថា ប្រជាពលរដ្ឋលោកមិនកក់ក្ដៅ ជាមួយមន្ដ្រីរបស់យើងនៅខាងក្រោម បានជាលោកមកខាងលើ ទាមទារឲ្យខាងលើដោះស្រាយ»។

សម្ដេច បានណែនាំអាជ្ញាធររាជធានី-ខេត្ត អង្គភាពក្រោមឱវាទ និងពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ នៅនឹងកន្លែង មិនត្រូវរើសអើងឡើយ ត្រូវយកចិត្តទុកដាក់បំផុត។

សម្ដេចបញ្ជាក់ថា «ខ្ញុំស្នើថា សូមឲ្យរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទ និងមន្ដ្រីទាំងអស់ ធ្វើយ៉ាងម៉េចទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានការអ្វី គាត់ទាក់ទងមកយកយើង ហើយដោះស្រាយនៅកន្លែង ដែលក្នុងដែនសមត្ថកិច្ចរបស់យើង ត្រូវខិតខំដោះស្រាយ»។

សម្ដេច បានណែនាំបន្ថែមថា អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយប្រជាពលរដ្ឋ ទោះបីបញ្ហាតូច ឬធំ ក៏ដោយ មិនត្រូវបោះបង់ចោលឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋឲ្យបានជាប់ជានិច្ច។

លើសពីនេះទៀត សម្ដេច ស ខេង បានផ្ដាំផ្ញើថា រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាព ចូលទន្ទ្រានកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លី នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ ។

សម្ដេច បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានី ខេត្ត ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះរីករាលដាល ស្មុគស្មាញ ពិបាកដោះស្រាយ ៕

To Top