ព័ត៌មានជាតិ

សម្ដេច ស ខេង៖ មន្ដ្រីពន្លត់អគ្គិភ័យ ដាច់ខាតមិនត្រូវទារលុយ ពីពលរដ្ឋពេលចុះពន្លត់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំ ដល់មន្ដ្រីពន្លត់អគ្គិភ័យថា ដាច់ខាត មិនត្រូវទារថវិកា ពីប្រជាពលរដ្ឋ នៅពេលចុះអន្ដរាគមន៍ ពន្លត់អគ្គិភ័យឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ដ្រីពន្លត់អគ្គិភ័យថា ត្រូវប្រតិបត្តិការរបស់ខ្លួន ២៤ម៉ោង លើ២៤ម៉ោង នៅពេលប្រជាពលរដ្ឋ ជួបបញ្ហាអគ្គិភ័យ។

សម្ដេចបញ្ជាក់ថា «នៅកន្លែងខ្លះមុនហ្នឹងបាញ់ទឹកពន្លត់ ត្រូវនិយាយគ្នាសិន (និយាយរឿងលុយ) អាហ្នឹងអត់បានទេ។ ឡានអគ្គិភ័យ យើងបានចែកដល់ស្រុក ទោះបីមិនគ្រប់ក៏ដោយ ប៉ុន្ដែយើងបានដាក់កន្លែងស្រុកសំខាន់ៗ ហើយបែងចែកជួយ នៅពេលបញ្ហា ត្រូវចល័តជួយគ្នា»។ ជារឿយៗឲ្យមានតែមានបញ្ហាអគ្គិភ័យឆាបឆេះ នៅទីតាំងណាមួយនោះ តែងតែលឺពីការរអ៊ូរបស់ពលរដ្ឋ អំពីការបាញ់ទឹកពន្លត់យឺតយ៉ាវ ដោយសារតែការចរចាមិនត្រូវថ្លៃគ្នា៕

To Top