ព័ត៌មានជាតិ

សម្តេចតេជោ ព្រលះលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រឿងរឹងរួសមួយចំនួន ទាក់ទងផលប្រយោជន៍រួម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានចង្អុលមុខចំៗ និងព្រមានខ្លាំងៗ ទៅកាន់រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ទាក់ទិនទៅនឹងការមិនសហការ ជាមួយរដ្ឋមន្ត្រីដទៃទៀត ។

ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានអះអាងថា រដ្ឋមន្ត្រីដែលរឹងរូសមិនព្រមសហការ ក្នុងចំណោមរដ្ឋមន្ត្រីទាំងឡាយ នោះជា លោក វេង សា ខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ។ មិនត្រឹមតែប៉ុណ្ណឹង សម្តេចតេជោ បានប្រាប់ឲ្យ លោក វេង សាខុន ត្រូវបង្កើនកិច្ចសហការឡើងវិញផងដែរ ។

សម្តេចតេជោ មានប្រសាសន៍ថា “ពេលនេះក៏ឆ្លៀតនិយាយទៅ ឯកឧត្តម វេង សាខុន ដែរ អារឿងទាក់ទងទៅនឹងបញ្ហាជ្រូកនេះ កន្លងទៅខ្ញុំចារហើយ តែឯកឧត្តម វេង សាខុន មិនសហការ ។ ឥឡូវខ្ញុំចារឲ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើកិច្ចការងារនេះម្តងទៀត បញ្ហាធ្វើម៉េច ការផ្គត់ផ្គង យើងមានតម្រូវការពិតមែន ហើយយើងគាំទ្រកសិករក្នុងស្រុកចិញ្ចឹមជ្រូក ប៉ុន្តែបើគ្រាន់តែតម្រូវចិត្តកសិករក្នុងស្រុកចិញ្ចឹមជ្រូក បួន ប្រាំពាន់គ្រួសារហ្នឹងទុកឲ្យមនុស្សប៉ុន្មានលាននាក់ ទទួលផលអាក្រក់ ពីការឡើងថ្លៃសាច់ជ្រូក តើវាយ៉ាងម៉េច?” ។

សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ៗថា “ហើយកន្លងទៅឃើញតែសំបុត្រឆ្លងឆ្លើយៗ មើល ខុន ឯង បង្កើនកិច្ចសហការបន្តិចមើល ក្នុងចំណោមរដ្ឋមន្ត្រី ខ្ញុំសុំចង្អុលបង្ហាញថា ក្នុង ចំណោមរដ្ឋមន្ត្រី គឺរដ្ឋមន្ត្រី ដែលមិនព្រមសហការជាមួយអ្នកដទៃ គឺរដ្ឋមន្ត្រីកសិកម្មហ្នឹងឯង អាហ្នឹងខ្ញុំនិយាយចង្អុល មុខឲ្យត្រង់ចឹងម៉ង ។ រដ្ឋមន្ត្រីកសិកម្ម អត់សូវសហការជាមួយរដ្ឋមន្ត្រីណាទាំងអស់” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៩ កុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញលិខិតមួយច្បាប់ ដោយប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទថា ការកើនឡើង ថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះ យន្ដការប្រកួតប្រជែង ប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់ សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ការប្រាប់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ច ទៅកាន់រដ្ឋមន្រ្តីកសិកម្មនេះ ដោយសាររដ្ឋក្រសួងកសិកម្ម បានធ្វើលិខិតជូន ក្រសួង សេដ្ឋកិច្ច ស្តីពីការសុំផ្អាកការផ្តួចផ្តើម លើការរៀបចំនីតិវិធីដេញថ្លៃ ជ្រូករស់ សម្រាប់នាំចូលមកប្រទេសកម្ពុជា។

ប៉ុន្តែក្រោយពីលោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់ដូច្នេះ លោកវេង សាខុនក៏បានលិខិតតបទៅរដ្ឋមន្រ្តីសេដ្ឋកិច្ចវិញ ក្នុងន័យបដិសេធមិនសហការទៅលោកអូន ព័ន្ធមុនីរ័ត្នវិញ ។

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនាពេលថ្មីៗនេះ គឺថ្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ពី ១៦,៥០០រៀល ក្នុង១គីឡូក្រាម ទៅ១៧,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ២៥,០០០រៀល ក្នុង១គីឡូក្រាម ទៅ ២៦,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងអំឡុងឆ្នាំ២០២១, ដែលការណ៍នេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងបរិបទ នៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ៕

To Top