ភ្នំពេញ៖ បន្ទាប់ពីការអំពាវនាវ ជាច្រើនលើកច្រើនសារ លើបញ្ហារថយន្ដគេចពន្ធ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានធ្វើការព្រមានចាប់រថយន្ដទាំងនោះ ទៅដុតកម្ទេចចោល ខណៈរថយន្តប្រមាណ៥ពាន់គ្រឿង បន្ថែមទៀត ដែលមិនទាន់ចេញមកបង់ពន្ធ។
ថ្លែងក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កន្លងទៅខ្ញុំបានចេញបទបញ្ជា ដាច់ខាតដោយចាប់ពីខែ៦-៧ មិនត្រូវមានឡានអត់ពន្ធនិងឡានចង្កូតស្ដាំ នៅលើដងផ្លូវទៀតនោះទេ»។
បើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រថយន្ដអត់ពន្ធទាំងអស់សរុបជាង១មឺុនគ្រឿង ដែលនឹងត្រូវប្រមូលពន្ធ បានជាង១០០លានដុល្លារ ក្នុងនោះរថយន្ដ ចំនួន៥៩៩៣គ្រឿង បានទៅបង់ពន្ធរួចរាល់ ដោយប្រមូលចំណូល ស្មើនឹង៥១លាន៦០មឺុនដុល្លារ នេះគិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបើតាមការប៉ាន់ស្មាន នៅសល់ឡាន ពាក់កណ្ដាលទៀត ដែលអត់ទាន់បង់ពន្ធ ។
ជុំវិញករណីនេះ សម្ដេចតេជោ បានអំពាវនាវឱ្យមន្រ្តីក៏ដូចជាអ្នកមានប្រាក់ ទិញរថយន្ដឬម៉ូតូប្រើប្រាស់ ត្រូវមានចំណែកបង់ពន្ធជូនរដ្ឋ។
សម្ដេចថា បើរដ្ឋគ្មានចំណូល តើបានអ្វីក្នុងការចំណាយ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «កន្លងទៅអត់មាន អ្នកក្រណាមួយ មានលុយទិញឡាននោះទេ យ៉ាងច្រើនពួកគាត់ មានសមត្ថភាពត្រឹមតែទិញម៉ូតូ ចាស់មួយនោះទេ ប៉ុន្តែអ្នកដែលជិះឡានធំៗ និងថ្លៃៗនោះ គឺមានលុយទៅទិញហើយ មកបន្លំលេខទៀត ជូនកាលជ្រកក្រោមស្លាកលេខ (នគរបាល កងទ័ព រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល)»។
ជាមួយគ្នានេះ សម្ដេចតេជោ បានអះអាងថា នៅកម្ពុជា មានការបន្ធូរបន្ថយច្រើនណាស់ សម្រាប់ប្រជាជនរបស់ខ្លួន ក្នុននោះយើងមិន ដែលបានយកពន្ធទៅលើដីកសិកម្ម យកមកធ្វើជាថវិការជាតិរបស់យើងនោះទេ។
សម្ដេចគូសបញ្ជាក់ថា «បញ្ហាពន្ធដីកុំប៉ះ! តែខ្ញុំសុំស្នើឱ្យអ្នករកស៊ីទាំងឡាយ ធ្វើការបង់ពន្ធទៅតាមច្បាប់ដែលមានជាធរមាន ហើយស្នើឱ្យអាជ្ញាធរគាំទ្រ ចំពោះការយកពន្ធពីសំណាក់ផ្នែកគយ និងពន្ធដារ ឱ្យបានត្រឹមត្រូវ » ។
សម្ដេចសង្កត់ធ្ងន់ថា «អ្នកដែលមិនទាន់បង់ពន្ធរថយន្ដ ប្រមាណជា៥ពាន់គ្រឿងសូមចេញមកបង់ពន្ធ ប្រយ័ត្នដល់ពេលណាមួយ ខ្ញុំបញ្ជាឱ្យដុតឡានគ្រវាត់ចោលតែម្ដងកុំឱ្យវាពិបាកពេក»។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលឹកពីអតីតកាល ដែលកាលពីឆ្នាំ១៩៩៩ មានការដុតកំទេចឡានដឹកឈើចោលជាច្រើនគ្រឿងផងដែរ។
សម្ដេចបន្ថែមថា ដើម្បីយកធ្វើជាគំរូ ឥឡូវ ដើម្បីកុំឱ្យមានឡាននៅលើផ្លូវ ដោយមានឡានស្លាកលេខក្លែងក្លាយ ពេលណាមួយសម្ដេច នឹងយកឡានអត់ពន្ធទាំងនោះ ទៅដុតគ្រវាត់ចោលតែម្ដង ទោះតម្លៃប៉ុណ្ណាក៏ដោយ។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា «អ្នកមិនទាន់បានបង់ពន្ធ ចេញមកបង់ពន្ធហើយអត់មាន១០% អីទៀតនោះទេ ពីមុនថ្ងៃ៣១ ខែធ្នូឆ្នាំ២០២១ គឺអនុគ្រោះពន្ធ១០% តែពេលដែលអ្នកឯងមិនមកបង់ ផុតថ្ងៃគឺពន្ធពេញ ហើយបើរកឃើញហើយគឺត្រូវតែយកហើយ ទោះបីនៅក្នុងផ្ទះអ្នកណាក៏ដោយ »៕