ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែកុម្ភៈ នេះបានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៧៩៩,១៦៦ ដុល្លារអាមេរិក ក្រោមគ្រោងការជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា អង្គភាពទទួលជំនួយឈ្មោះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងទទួលបានថវិកាចំនួន ៩០០,៧៨៧ ដុល្លារអាមេរិក ដើម្បីអនុវត្ត ”គម្រោងគាំទ្រការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោម នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២)” និង ថវិកាចំនួន ៨៩៨,៣៧៩ ដុល្លារអាមេរិកទៀត ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការ JMAS បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណចំពោះអង្គការ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។
ទោះបីជាគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីប្រាក់យ៉េនសម្រាប់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការធ្វើការជាមួយ អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋាន កម្ពុជា គឺមានសារៈសំខាន់ដូចគ្នា ក្នុងការចូលរួមចំណែក កែលម្អគុណភាព ជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំង គម្រោងនីមួយៗ៕