ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ឲ្យមានកិច្ចសន្ទនា និងដោះស្រាយដោយសន្តិវិធី រវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ខណៈលោក ពូទីនបានប្រកាស បើកប្រតិបត្តិការយោធា លើអ៊ុយក្រែន ។
នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវបែបនេះ បន្ទាប់លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញ ប្រតិបត្តិការយោធា ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាគ្នាជាមួយ លោក ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថា «យើងជាប្រទេសតូច ហើយយើងនៅឆ្ងាយក៏ដោយ ក៏ប៉ុន្ដែបញ្ហាអន្ដរជាតិលេចឡើងធំបែបនេះ មេដឹកនាំតែតែងមានការ ពិគ្រោះពិភាក្សាគ្នា។ ខ្ញុំជាមួយ ឯកឧត្តមនាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី បានពិភាក្សាគ្នាលើបញ្ហានេះ ។ ពិតហើយ អ្វីដែលយើងចង់ឃើញ គឺដំណោះស្រាយដោយសន្ដិវិធី»។
សម្ដេចតេជោ បានបន្ដថា សម្តេច និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាគ្នាដោយស្ងាត់ស្ងៀម ចំពោះបញ្ហា រុស្ស៊ី- អ៊ុយក្រែន។
សម្ដេចបញ្ជាក់បន្ថែមថា «យើងចង់ឃើញដំណោះស្រាយ ដោយសន្តិវិធី ដែលនៅទីនេះមិនមានកុងសង់ស៊ីស របស់អាស៊ានទេ»៕