ព័ត៌មានជាតិ

ប្រមុខការទូត កម្ពុជា-អាល្លឺម៉ង់ ជួបគ្នាពិភាក្សាពីស្ថានភាព នៅអ៊ុយក្រែននិងមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ខណៈការប្រយុទ្ធគ្នា រវាងរុស្ស៊ីនិងអ៊ុយក្រែន កំពុងផ្ទុះបង្កឲ្យមានការភ្ញាក់ផ្អើល ស្ទើរពាសពេញពិភពលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបជាមួយលោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ា និងអ៊ុយក្រែន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ នៅអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ចលើកទី១ ក្នុងឱកាសនោះលោក ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការ ជាមួយលោកស្រី ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួល អាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។

ក្នុងអំឡុងពេលពិភាក្សា អំពីស្ថានភាពនៅអ៊ុយក្រែន លោកស្រី ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ានផងដែរ ។

ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដើម្បីជួយឲ្យប្រទេសនេះវិលត្រឡប់ មករកប្រក្រតីភាពឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៤ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធា” នៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន ។ គ្រាន់តែថ្ងៃដំបូងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យមនុស្សស្លាប់ចំនួន១៣៧នាក់ និងរងរបួសធ្ងន់ស្រាលជាង៤០០០នាក់ ៕

To Top