ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចឯកភាពលើខ្លឹមសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
យោងតាមក្ដីប្រកាសព័ត៌មាននាថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា គ.ជ.ប បានបើកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ជាប្រធានដើម្បីពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោត ឃុំ-សង្កាត់។
នាឱកាសនោះ កិច្ចប្រជុំបានពិនិត្យឯកសារ រួមមាន ៖ សៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត, ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប, ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្ស, ទម្រង់ខិត្តប័ណ្ណស្តីពីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត, សៀវភៅសម្រាប់អ្នកបោះឆ្នោត, ខិត្តប័ណ្ណស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត, ស្ទិកគ័រ (sticker) ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងPress Kits ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើខ្លឹមសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕