ព័ត៌មានជាតិ

ខែមករា​ ក្រុមការងារតាមដាន​ គេហទំព័រហ្វេសប៊ុក​ សម្ដេច​ ស​ ខេង​ បានឆ្លើយតប​ និងដោះស្រាយ​១១គណនី

ភ្នំពេញ​៖ ខែមករា​ ឆ្នាំ២០២២​ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម​ ស​ ខេង​ បានឆ្លើយតប​ និងដោះស្រាយចំនួន​ ១១គណនី និង៤៤គណនីទៀត​ កំពុងស្ថិតដំណាក់កាលដោះស្រាយ។

តាមរយៈគេហទំព័រហ្វេសប៊ុក​​ នាថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ សម្ដេច​ ស​ ខេង​ បានថ្លែងថា​ ក្នុងខែមករាកន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់​ សម្ដេច​ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៧៧គណនី។

សម្ដេច​ បានបញ្ជាក់ថា​ «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន១១គណនី និង៤៤គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច»។

លេីសពីនេះទៀត​ សម្ដេច​ ស​ ខេង​ ក៏បានលេីកឡេីងពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២១កន្លងទៅនេះ​ ដែលមានចំនួន៦៥៥គណនី គឺក្រុមការងារក៏បានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន៧៩គណនីបន្ថែមទៀត ខណៈករណីកំពុងបន្តការដោះស្រាយមានចំនួន៥៧៦គណនី។

សម្ដេច​ បញ្ជាក់ទៀតថា​ «ជនរួមជាតិជាទីគោរព
វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»។

សម្ដេច​ បានថ្លែងអំណរគុណចំពោះជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់​ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

សម្ដេច​ ក៏សុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕

To Top