ភ្នំពេញ៖ បេីតាមការផ្តល់ព័ត៌មានបឋម ពីសមាគមនិស្សិតកម្ពុជានៅរុស្សី បានឲ្យដឹងថា ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែនឡើយ ។ នេះបេីតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរលោក ជុំ សុន្ទរី ។
លោក ជុំ សុន្ទរី បានលេីកឡេីងថា ដោយយើងពុំមានស្ថានទូតប្រចាំ នៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជា ប្រចាំនៅរុស្សីស្វែងរកព័ត៌មាន ថាតើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ? ហើយប្រសិនបើមាន សូមអោយយកចិត្តទុកដាក់ អំពីករណីសុវត្ថភាពរបស់ពួកគេ ហើយរាយការណ៍ ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការណ៍ ។
ពាក់ព័ន្ធករណីនេះ ក្រសួងទទួលបានព័ត៌មានបឋមពីស្ថានទូតថា “តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូតនឹងបន្តតាមដានបន្តទៅទៀត” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៤ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធា” នៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន ។ គ្រាន់តែថ្ងៃដំបូងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យមនុស្សស្លាប់ចំនួន១៣៧នាក់ និងរងរបួសធ្ងន់ស្រាលជាង ៤០០០នាក់ ៕