ព័ត៌មានជាតិ

Update: អាស៊ាន អំពាវនាវឲ្យ ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ រកការសន្ទនា ដើម្បីទប់ស្ថានការណ៍ កុំឱ្យកាន់តែធ្ងន់ធ្ងរ!

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព បន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកាន់តែធ្ងន់ធ្ងរ ។

នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសេចក្ដីថ្លែងការណ៍នេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធ នៅប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន បញ្ជាក់ថា “យើងសូមអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្ត ការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនា តាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍” ។

ប្រមុខការទូតអាស៊ានជឿថា នៅមិនទាន់អស់ឱកាសទេ សម្រាប់ការសន្ទនា ដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញ ទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់ ៕

ដោយ៖ ​ខា ដា

To Top