ភ្នំពេញ៖ និយាយមិនបញ្ចេញឈ្មោះឲ្យចំ ប្រទេសណាមួយនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រោយពីមានសង្រ្គាមផ្ទុះឡើង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនភ្លាម ប្រទេសធ្លាប់តែមកប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បានប្រញាប់បិទអស់សារព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៨ កុម្ភៈ ឆ្នាំ២០២២ដែលជាចុងខែចាស់ ផ្លាស់ចូលខែថ្មី លោករដ្ឋមន្រ្តីខ្មែរ បានឌឺដងផ្លែផ្កាលេបខាយពាក្យសំដី ទៅកាន់ប្រទេសមហាអំណាចមួយនោះថា “គ្រាន់តែផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនភ្លាម ប្រទេសដែលធ្លាប់តែមកប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ប្រញាប់ប្រញាល់បិទអស់ សារព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី” ។

លោកបន្តថា នេះគ្រាន់តែកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀតគាត់ មកដាក់គូទប៉ុកប្រដៅខ្មែររឿងហ្នឹងដដែលទៀតហើយ ។
លោក ខៀវ កាញារីទ្ធ បានពោរពាក្យក្នុងន័យឌឺដងបន្តទៀតថា “សូមសរសើរពួកគាត់ ស្បែកមុខគ្រាន់បើមែនទែន”។
ប្រទេសដែលលោក ខៀវ កាញារីទ្ធ មិននិយាយចំឈ្មោះនោះ គ្មានប្រទេសណា ក្រៅពីសហរដ្ឋអាមេរិកទេ ព្រោះជារឿយៗមន្រ្តីជាន់ខ្ពស់ ឬក៏អង្គការរបស់ប្រទេសនេះ តែងតែរិះគន់ និងវាយប្រហារកម្ពុជាថា កម្ពុជាមិនគោរពសិទ្ធិបញ្ចេញមតិ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាព សារព័ត៌មានជាដើម ។

សូមបញ្ជាក់ថា បន្ទាប់ពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃ២៤ កុម្ភៈ បានប្រកាសចេញប្រតិបត្តិការយោធា ទៅកាន់តំបន់ ដុនបាស ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ និងលូហាន់ក៍ ដែលរុស្ស៊ីទើបទទួលស្គាល់ ជារដ្ឋឯករាជ្យនោះ គឺមកដល់ថ្ងៃ២៧កុម្ភៈ ការប្រយុទ្ធគ្នាតាមដងផ្លូវ បានផ្ទុះឡើងនៅក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយកងទ័ពរុស្ស៊ី បានច្បាមកំពង់ផែយុទ្ធសាស្ត្រ នៅភាគខាងត្បូង របស់ប្រទេសដែលជាការមួយលឿន ហាក់ដូចជា ធ្វើឲ្យដំណាក់កាលថ្មី នៃការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីរលកនៃការវាយប្រហារ លើអាកាសយានដ្ឋាន កន្លែងប្រេងឥន្ធនៈ និងកន្លែងផ្សេងទៀត នៅក្នុងប្រទេសនេះ ។
គិតមកទល់ពេលនេះ បើតាមទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ គឺមានមនុស្សជាង ៣៦៨.០០០នាក់ បានភៀសខ្លួន ចេញពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									