ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ឲ្យមន្ដ្រីក្រោមឱវាទ តាមដានជាប់ជាប្រចាំ រាល់សកម្មភាព នាំចេញ-ចូល សារធាតុគីមី

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្ដ្រីក្រោមឱវាទ ត្រូវតាមដានឲ្យបានជាប់ជាប្រចាំរាល់សកម្មភាព នាំចេញ-ចូល នូវសារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ សំដៅទប់ស្កាត់ការផលិតគ្រឿងញៀន។

ក្នុងកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក វេង សាខុន បានណែនាំ ដល់គ្រប់អង្គភាព ក្រោមឱវាទក្រសួង ត្រូវបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយ បានទូលំទូលាយ តាមគ្រប់រូបភាព អំពីហានិភ័យ នៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

លោកបញ្ជាក់ថា «អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានកសិ-ឧស្សាហកម្ម ត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ មកប្រើក្នុងក្រុមហ៊ុន»។

លើសពីនេះ លោករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា ជាពិសេសត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនកិច្ចសហការ ឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមួយអាជ្ញាធរគ្រឿងញៀន ដើម្បីអនុវត្តផែនការ សកម្មភាពនេះ សម្រេចទទួលបានជោគជ័យ ។ លោក បានក្រើនរំលឹកដល់គ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធត្រូវយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់ សហការអនុវត្តផែន របស់រាជរដ្ឋាភិបាលខាងលើ ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចៀសចេញឲ្យផុតពីសកម្មភាពផលិត ចរាចរ លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ៕

To Top