ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ពលរដ្ឋខ្មែរទាំង២៣នាក់ មានសុវត្ថិភាពធម្មតា ខណៈបុរសអ៊ុយក្រែន អាយុពី១៨-៦០ឆ្នាំ មិនអាចចេញពីប្រទេស

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្រុមអតីតនិស្សិតខ្មែរទាំង ២៣នាក់ ដែលកំពុងរស់នៅជាមួយ ក្រុមគ្រួសារ របស់ពួកគេ នៅប្រទេសអ៊ុយក្រែន មានសុវត្ថិភាពធម្មតាទេ ខណៈបុរសអ៊ុយក្រែន អាយុពី១៨-៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស ។

បន្ថែមលើព័ត៌មានដែលបាន ជំរាបជូនកាលពីថ្ងៃ២៥-២៦ កុម្ភៈ លោក ជុំ សុន្ទរី បានឲ្យដឹង តាមបណ្ដាញ សង្គមតេឡេក្រាមថា ស្ថានទូតប្រចាំ នៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយ ក្រុមអតីតនិស្សិតកម្ពុជា ទាំងចំនួន ២៣នាក់ ដែលកំពុងរស់នៅជាមួយ ក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែន ។

លោកបញ្ជាក់ថា «តាមព័ត៌មានដែល ស្ថានទូតទទួលបាន នៅថ្ងៃទី២៧ កុម្ភៈនេះ គឺពួកគាត់ទាំងអស់គ្នា មានសុវត្ថិភាពជាធម្មតាទេ ។ ពួកគាត់ក៏បានឲ្យដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស»

To Top