ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់អូស្ដ្រាលីថា កម្ពុជា បន្ដប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈកន្លងមកចាប់បាន គ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់នគរបាលសហពន្ធ័អូស្រ្តាលីថា កន្លងមកសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន ខណៈកម្ពុជា បន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី នាថ្ងៃទី១ មីនា សម្ដេច ស ខេង បានថ្លែងថា «កន្លងមកសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន និងកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនយ៉ាងសកម្ម»។

លើសពីនេះទៀត សម្ដេច ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ រវាងនគរបាលប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ជាពិសេសទៅលើ ការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈនានា ដែលកំពុងនៅជាធរមាន និងបានជំរុញឲ្យភាគីទាំងពីរ បន្តអនុវត្តឲ្យមានប្រសិទ្ធភាពបន្តទៀត និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែមលើ វិស័យទាំងឡាយណា ដែលយល់ថាចាំបាច់ ដើម្បីបំរើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ។

នាឱកាសនោះ លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ក៏បានលើកពីការបន្តជួយផ្ទេរចំណេះដឹង និងជំនាញពីនគរបាលអូស្ត្រាលី ជូនដល់នគរបាលជាតិកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។ លោក បានថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តការទ្វេភាគី រវាងនគរបាលនៃប្រទេសទាំងពីរ កម្ពុជា អូស្រ្តាលី។

លោកបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការជាង ២០ឆ្នាំមកនេះ នគរបាលកម្ពុជា និងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឲ្យចំណងមិត្តភាព នេះក្លាយទៅជាមិត្តភាពប្រពៃណី ដោយបានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ លោក បានប្តេជ្ញាបន្តសហការជាមួយ កម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ជាមួយបទឧក្រិដ្ឋនានា ដែលមានអង្គការចាត់តាំង៕

To Top