ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណបក្សនយោបាយ ចំនួន១១ បានស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតពីគណបក្សនយោបាយ ចំនួន១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជានិយម, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែរតែមួយ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
សូមបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។
ជាមួយគ្នានេះ ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ធ្វើឡើងនៅគណៈកម្មការ ឃុំ-សង្កាត់ រៀបចំការបោះឆ្នោត មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ ការរៀបចំបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោតអាចធ្វើឡើងតាម ២របៀបគឺ គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬគណបក្សនយោបាយអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត៕