ព័ត៌មានជាតិ

ក្រសួងដែនដី ហាមឃាត់ការសាងសង់ ឬរុះរើសំណង់មិនទាន់ទទួល បានលិខិតអនុញ្ញាត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមមិនឱ្យមានការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតតទៅទៀតនោះឡើយ។

យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា «ក្រសួង មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ»។

ក្រសួង បន្ដថា ការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្ទុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ដែលអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាតម្លាត សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

សូមបញ្ជាក់ថា ការចេញលិខិតហាមឃាត់នេះ បានធ្វើឡើងដោយយោងទៅតាមច្បាប់ ស្ដីពីសំណង់របស់កម្ពុជា រួមទាំងអនុក្រឹត្យរាជរដ្ឋាភិបាល ស្ដីពីលិខិតអនុញ្ញាតសាងសង់ជាដើម៕

To Top