ព័ត៌មានជាតិ

លោក សយ សុភាព ចំអកឱ្យអឺរ៉ុប ក្រោយមានការអំពាវនាវ ឱ្យកម្ពុជា គាំទ្រអ៊ុយក្រែន និងថ្កោលទោសរុស្ស៊ី

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការចំអកឱ្យទៅកាន់ បណ្ដាប្រទេសអឺរ៉ុប មួយចំនួន ដែលបានអំពាវនាវឱ្យកម្ពុជា គាំទ្រអ៊ុយក្រែន និងថ្កោលទោសរុស្ស៊ី លើសមរភូមិប្រយុទ្ធរវាងប្រទេសទាំងពីរនេះ។

ការចេញមកចំអក ពីសំណាក់លោក សយ សុភាព បែបនេះ បន្ទាប់ពី ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាពីររូប គឺបារាំងនិងអាល្លឺម៉ង បានអំពាវនាវឱ្យកម្ពុជា ចូលរួមយ៉ាងសកម្ម នៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសនេះ ។

នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «អឺរ៉ុបភ្លេចឬធ្វើជាភ្លេចរករឿងខ្មែរបញ្ហា EBA?»

លោកថា ខ្មែរមិនគាំទ្រនិងប្រឆាំង សង្រ្គាមដាច់ខាត ព្រោះពួកមហាអំណាចខ្លះ និងប្រទេសខ្លះធ្វើបាបមកលើខ្មែរ យ៉ាងវេទនារួចមកហើយជាង៣០ឆ្នាំ។ អ្នកបញ្ចប់គឺខ្មែរខ្លួនឯងទេ នយោបាយ ឈ្នះ ឈ្នះ។

លោក សយ សុភាពបន្តថា «កន្លងទៅអឺរ៉ុបខែងរែងណាស់រករឿង រដ្ឋាភិបាល កាន់ជើងបក្សប្រឆាំង រហូតផ្តាច់EBA ចំនួន២០ ភាគរយហើយគំរាមថានឹងផ្តាច់ទៀត បើមិនស្តារប្រជាធិបតេយ្យ។ សំដីខែងរែង ណាស់»។

លោកដន្ថែមថា ដល់ឥឡូវ រឿងរ៉ាវកំពុងកើតនៅអតីតប្លុក សហភាពសូវៀត រវាង រុស្ស៊ីនិងអ៊ុយក្រែន។ ប្លុកណាតូ ដឹកនាំដោយអាមេរិក កំពុងបើលកយុទ្ធនាការ គៀងគថ្កោលទោសរុស្ស៊ី ហើយមកសុំខ្មែរឱ្យជួយគាំទ្រអ៊ុយក្រែន។

លោក សយ សុភាព ចោទជាសំណួរសួរថា តើអឺរ៉ុបកន្លងមកម៉េច ក៏ក្រអើតក្រទម ដាក់ខ្មែរម្ល៉េះ រាប់ទាំងអាមេរិកផង។

លោកថា មួយថ្ងៃៗដេករករឿងខ្មែរឱ្យចិន មកសាងសង់មូលដ្ឋានយោធា ជេរខ្មែរអាក្រក់ៗណាស់ ដៀលសុទ្ធតែខ្ញុំចិន នៅពេលខ្មែរកំពុងថែរក្សាសន្តិភាព និង កសាងប្រទេស។ រហូតពួកគេបង្កើតរូបភាព បដិវត្តន៏ពណ៌ថែមទៀត។ ចុះឥឡូវនេះហេតុអី បានមកលួងលោមខ្មែរ ឱ្យប្រឆាំងរុស្ស៊ីទៅវិញ?

លោក សយ សុភាព គួសបញ្ជាក់ថា «ខ្មែរស្អប់ណាស់សង្រ្គាម តែខ្មែរស្រលាញ់បំផុតសន្តិភាព។ បើអញ្ចឹងអឺរ៉ុបខ្មាស់ខ្មែរទេ ចុះ EBA អ្នកគំរាមខ្មែរនោះម៉េចដែរ? ផលប្រយោជន៏ត្រូវមានទាំងសងខាង។

លោកថា ចាប់ពីពេលនេះតទៅ អឺរ៉ុប ក្តីជាពិសេសមេក្លោងអាមេរិក កុំឡូយ ក្រអើតក្រទម ដាក់ខ្មែរពេក។ យើងថ្កោលទោសសង្រ្គាម ចាប់យកសន្តិភាព។

To Top