ភ្នំពេញ៖ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន BBC។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៤ មីនានេះ បានឲ្យដឹងថា Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយ នៅក្នុងពិភពលោកដែលអាចឲ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រ ឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។
អាជ្ញាធរបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថា គាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះ ឲ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនង បានតែពីរថ្ងៃនៅលើកម្មវិធី។
បុរសវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ចាប់ជំរិត និងចាប់រំលោភ។ ការចាប់ខ្លួនបុរសរូបនេះបន្ទាប់ពីក្មេងស្រីរងគ្រោះបានផ្ញើសារ ទៅកាន់ម្តាយរបស់នាងតាមរយៈ Roblox ដោយផ្តល់អាសយដ្ឋាន និងឈ្មោះហាងមួយចំនួននៅក្នុងតំបន់ ដែលនាងត្រូវបានគេយកទៅ។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីលេងហ្គេមអនឡាញក្នុងចំណោមកុមារ គឺមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ន ដូច្នេះអាណាព្យាបាលគួរតែស្វែងយល់ អំពីមុខងារគ្រប់គ្រងការប្រើប្រាស់ (parental controls) របស់កម្មវិធីពេញនិយមមួយចំនួនសម្រាប់កុមារ ដើម្បីគ្រប់គ្រងនិងតាមដាន ការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀតលោកអ្នក គួរតែធ្វើការណែនាំកុមារឲ្យយល់ អំពីល្បិចកលលួងលោមរបស់ជនខិលខូច ហើយឲ្យពួកគេមានការ ប្រុងប្រយ័ត្នក្នុងការផ្ញើសារ ឬនិយាយជាមួយនឹងមនុស្ស ដែលពួកគេមិនស្គាល់ ៕