ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញការរីករាយ ចំពោះសេចក្តីសម្រេចចិត្តរបស់កម្ពុជា ក្នុងការមិនគាំទ្ររុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ។ កម្ពុជាក្នុងចំណោម១៤១ប្រទេស កាលពីថ្ងៃ២ មីនា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការឈ្លានពាន របស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។
តាមរយៈហ្វេសប៊ុកស្ថានទូត សហរដ្ឋអាមេរិក នៅថ្ងៃ៣ មីនា បានលើកឡើងថា “មានការរីករាយដោយឃើញប្រទេសកម្ពុជា និងសិង្ហបុរី ចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការធ្វើជាសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តប្រឆាំង នឹងភាពគឃ្លើនរបស់រុស្ស៊ី និងទាមទារឲ្យបញ្ឈប់ នូវសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន” ។
ទូតបន្តថា សេចក្តីសម្រេចចិត្តនេះ ត្រូវបានគាំទ្រដោយប្រទេស នៅអាស៊ានភាគច្រើន ហើយថា ពិភពលោកកំពុងចាត់វិធានការ ឲ្យរុស្ស៊ីទទួលខុសត្រូវ។
ក្នុងពេលកម្ពុជាមិនគាំទ្ររុស្ស៊ី នៅអង្គការសហប្រជាជាតិ(UN)នោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាក៏បានលើកឡើង ពីស្ថានភាពរុស្ស៊ីនិងអ៊ុយក្រែនផងដែរ ទៅកាន់គណៈអចិន្ត្រៃយ៍បក្ស គណៈ អចិន្ត្រៃយ៍រាជរដ្ឋាភិបាល នាថ្ងៃ២ មីនា តាមរយៈសារសំឡេងថា ការសម្រេចចិត្តរបស់កម្ពុជា ពិតជាធ្វើ ឲ្យរុស្ស៊ីខឹងសម្បារកម្ពុជា ប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យ មានសិទ្ធិធ្វើសកម្ម ដើម្បីការពារសច្ចៈធម៌ និងក្នុងឋានៈជាសមាជិក UN ។
សម្តេចថា ក្នុងនាមកម្ពុជា និងប្រទេសជាច្រើន លើពិភពលោក កំពុងថ្កោលទោស ការធ្វើសង្រ្គាមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន៕