កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងសហការី នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការកសាងរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” នៅចំណុចសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ។
លោកអភិបាលខេត្ត បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ បាន សម្រេចការសាងសង់ ប្រមាណជាង៧០ ភាគរយ ដែលរដ្ឋបាលខេត្ត គ្រោងនឹងយកមកតំកល់នៅចំណុចនៅសួនច្បារមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម នាឆាប់ៗខាងមុខនេះ ៕