នយោបាយ

សម្ដេចតេជោ មិនលើកទឹកចិត្តពលរដ្ឋខ្លួន សុំធ្វើទ័ពនៅអ៊ុយក្រែន ដែលប្រៀបដូចយកសាំង ដាក់លើភ្លើងបន្ថែម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវវ័យ សុំធ្វើកងទ័ពនៅអ៊ុយក្រែនឡើយ គឺប្រៀបដូចជា យកសាំងទៅចាក់លើភ្លើងបន្ថែម។

ការបញ្ជាក់របស់ សម្តេចតេជោ នេះបន្ទាប់មានអ្នកលេងហ្វេសប៊ុក មួយចំនួនបានខមមិន ក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ចង់ទៅធ្វើកងទ័ពនៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចង់ទៅធ្វើកងទ័ព ជួយអ៊ុយក្រែន ព្រោះប្រៀបបានយកសាំងចាក់ក្នុងភ្លើង។

សម្តេចបញ្ជាក់ថា «ឥឡូវសូម្បីតែកូនក្មេង ក៏ចេះយកចិត្តទុកដាក់លើអ៊ុយក្រែន និងរុស្ស៊ីវៃគ្នាដែរ ប៉ុន្តែសូមអំពាវនាវ ដល់ប្រជាពលរដ្ឋរបស់យើង កុំឲ្យឈានហួសរហូតដល់ស្ម័គ្រចិត្ត ដល់ធ្វើទាហានជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន។ ខ្ញុំមិនផ្តល់ឱកាសឲ្យទៅទេ ព្រោះទៅនឹងគឺទី១ គ្មានអីដឹកទេ ហើយទី២កុំ យកសាំងចាក់លើភ្លើង»។

សម្តេចបន្តថា បើភ្លើងកំពុងឆេះហើយ កុំចាក់សាំងបន្ថែម ត្រូវធ្វើយ៉ាងណាជួយពន្លត់ ។ សម្តេចថា មានពលរដ្ឋមួយចំនួន ចង់ធ្វើទ័ពជួយអ៊ុយក្រែន ចំណុចនេះគឺមិនលើកទឹកចិត្តនោះទេ ព្រោះ អ៊ុយក្រែនក៏មិនឲ្យចូល ក្នុងកងទ័ពគេនោះទេ ហើយយើងក៏គ្មាន សមត្ថភាពធ្វើបែបនេះទេ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានអំពាវនាវឲ្យមានការសន្ទនាចរចាគ្នា និងបញ្ឈប់បទឈប់បាញ់ រវាងរុស្ស៊ីនិងអ៊ុយក្រែន។ សម្តេចក៏បានលើកឡើងថា សម្តេចមិនគាំទ្រ ឬលើកទឹកឲ្យមានការបំបែករដ្ឋ និងមិនគាំទ្រឬប្រឆាំង ជាមួយនឹងការប្រើប្រាស់កំលាំង គំរាមប្រើប្រាស់កំលាំង ដោយអំពាវនាវ ឲ្យមានការចរចាដោយគិតថា មិនអាចយកសង្គ្រាមបញ្ចប់ ដោយសង្គ្រាមបាននោះទេ។

សម្តេច បន្ថែមថា សម្តេចបានតាមដានសភាពយ៉ាងដិតដល់ ប៉ុន្តែឃើញសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែន ចេះតែរុលទៅមុខ ដូច្នេះបានជាកម្ពុជាសម្រេចចូលរួម ធ្វើជាសហស្ថានិក នៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្កការ សហប្រជាជាតិ (គាំទ្រអ៊ុយក្រែន)។

សម្តេចតេជោសង្កត់ធ្ងន់ថា «ខ្ញុំចេញបញ្ជាក់ត្រឹមតែ៣ម៉ោងកន្លះមុន ការបោះឆ្នោតតែប៉ុណ្ណោះ ព្រោះយើងមិនអាចប្រងើយកណ្តើយ ចំពោះការវៃលុកទ្រង់ទ្រាយធំ ពីប្រទេសមួយទៅប្រទេសមួយបានទេ។ អីចឹងកម្ពុជាប្រកាន់យកឥរិយាបថមួយ ដែលចំណុចនេះមិនមាន អ្នកណាមកចលនានោះទេ គឺវាស្ថិតក្នុងគោលការណ៍ នឹងរដ្ឋអធិបតេយ្យមួយ ទាក់ទិននឹងសេចក្តីសម្រេច ពាក់ព័ន្ធនឹងការគាំទ្រ ឬមិនគាំទ្រ»។

សម្តេចបន្ថែមថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែសាហាវទៅៗ ។ សម្ដេចបានប្រាប់ទៅលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រេសិតអាស៊ាន ធ្វើការពិភាក្សាជាមួយដៃគូរអាស៊ាន អំពាវនាវឲ្យមានការឈប់បាញ់។

សម្តេចបញ្ជាក់ថា «ខ្ញុំមិនជឿថា រុស្សី យកឈ្នះអ៊ុយក្រែនបានទេ! ខ្ញុំមិនជឿទេ ហើយអ៊ុយក្រែនមិនអាចសម្លាប់កងទ័បរុស្ស៊ី នៅលើទឹកអ៊ុយក្រែនបានដែរ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជម្រើសសម្រាប់រុស្ស៊ី និងអ៊ុយក្រែន មានតែការចរចាគ្នា ហើយដើម្បីការចរចាគ្នាបាន​ គឺមានតែបញ្ចប់បទឈប់បាញ់។ ពិតហើយ រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងពីបទឈប់បាញ់ នៅច្រករបៀង ប៉ុន្តែបានអនុវត្តក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជន និងបញ្ជូនម្ហូបអាហារ តែបទឈប់បាននេះ ត្រូវបានបាញ់ឡើងវិញ៕

To Top