ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិថៃ ៣នាក់ ខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត ៦៥គីឡូក្រាម និងអាវុធ ៣ដើម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ដោយចាប់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរម្នាក់ ថៃ៣នាក់) រឹបអូសគ្រឿងញៀន ជិត ៦៥គីឡូក្រាម និងអាវុធ ៣ដើម ។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

ជាក់ស្ដែងកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរៈសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ .មានការចូលរួមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំង មានការសម្របសម្រួល ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវបង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់ ។

គោលដៅទី១៖ នៅចំណុច ស្ថានីយ៍ប្រេងឥន្ទនៈតេលា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនជាង ៦០គីឡូ ។

គោលដៅទី២៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត ២គ្រឿង ជនសង្ស័យ ៣នាក់ និងអាវុធ ៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៤នាក់៖ ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង ៦០គីឡូ ដែលចាប់បាន។ ២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ

វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ សុទ្ធ ៤២គីឡូនិង ៧៥៩.៨៤ក្រាម ។ ហេរ៉ូអ៊ិន (HEROIN) ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម ។ សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង៨៧៩.៨៤ក្រាម។ អាវុធAK ១ដើមនិងអាវុធខ្លី២ដើម, រថយន្ត ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី ៕

To Top