ព័ត៌មានជាតិ

លោក Patrick Murphy ៖ កម្ពុជា​ បាននាំចេញផលិតផល វាយនភណ្ឌ ទៅអាមេរិកច្រើន បើធៀបប្រទេសដទៃ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក Patrick Murphy បានអះអាងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ក៏ការនាំចេញផលិតផល វាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ ភាគរយជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ ។

ការលើកឡើងរបស់លោក Patrick Murphy នេះ ក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក Patrick Murphy បញ្ជាក់ថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-អាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលា ដើម្បីជជែករកដំណោះស្រាយ ឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។

ចំណែកលោក អ៊ិត សំហេង ក៏បានវាយតម្លៃ និង កោតសរសើរ ចំពោះលោក Patrick Murphy ក្នុងអាណត្តិការទូតរបស់លោកបានពង្រឹងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូដែលនាំ ឲ្យមានការវិវត្តរីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នា ក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ ៕

To Top