ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធី បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសំរោងរ័ត្ន

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុង វត្តសំរោងរ័ត្ន ស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលទាំងអស់នេះ ដែលកើតចេញពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួបរួមសាមគ្គីគ្នាកសាងទ្បើង សម្រាប់តម្កល់ទុកជាកេរដំណែល ក្នុងព្រះពុទ្ធសាសនា និងសម្រាប់ប្រជាពលរដ្ឋទាំងអស់ បានប្រើប្រាស់ជួបជុំធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សមិទ្ធផលទាំងនេះ ក៏ជាតំណាង នៃការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ពេញលេញ ទូទាំងផ្ទៃប្រទេស និងបង្កើតភាពសុខដុមរមនាសម្បូរសប្បាយ ជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបការងារតូចធំ និងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ព្រមជាមួយនឹងលទ្ធភាព ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។

លោក បន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកា បានកសាងបុណ្យកុសលធំធេងណាស់ តាមរយៈការប្តូរផ្តាច់យកជីវិតជាដើមទុន ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ពីមាត់ជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបង្កការកាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ ដោយគ្មានត្រាប្រណី។

ព្រឹត្តិការណ៍បន្ទាប់ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឱ្យចាកចេញ ពីភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខែ្មរ តាមរយៈការដាក់ចេញ នូវនយោបាយឈ្នះឈ្នះ ដែលបាននាំទៅរកការបញ្ចប់សង្គ្រាមផ្ទៃក្នុង នៅទូទាំងប្រទេស ដោយនាំមកនូវសន្តិភាព ពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានឡើយ ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើង ដោយជំងឺកូវីដ-១៩ ដែលបានឆក់យកជីវិត ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារ សម្តេចតេជោ បានធ្វើការសម្រេចចិត្ត ជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាល ជូនប្រជាពលរដ្ឋ។ ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗខាងលើនេះ ប្រហែលជាអាចនឹង លេបត្របាក់យកជីវិត ប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាក តជំនាន់ផងដែរ។

លោក រំលេចថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាបុគ្គលសំខាន់ណាស់ ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយ ជូនប្រទេសជាតិ និងប្រជាជន។ ក្នុងន័យនេះ សម្តេចតេជោ ដែលជាឥស្សរជននយោបាយ ប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ បានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើន នៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។ ភាពប្រត្យក្ស និងសច្ចធម៌នេះ ពិតជាបានបង្ហាញថា សម្តេចតេជោ មានគុណធម៌ និងគុណសម្បត្តិលើសលប់ ក្នុងការបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុភមង្គល ដែលខុសស្រឡះពីអ្នកនយោបាយ អគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើម នៅក្នុងសង្គមជាតិខ្លួនឯង៕

To Top