ព័ត៌មានជាតិ

បេសកជនពិសេសជប៉ុន ចាត់ទុកដំណើរទស្សនកិច្ច សម្ដេចតេជោ ទៅភូមាបានបើកទ្វារ ចាក់សោរួចទៅហើយ

ភ្នំពេញ៖ បន្ថែមពីលើការគាំទ្រ នូវដំណើរបំពេញទស្សនកិច្ចការងារ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ លោក Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ គឺបានបើកទ្វារ ដែលបានចាក់សោរួចទៅហើយ។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង ឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundationនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ ។

នៅក្នុងជំនួបនេះ លោក Yohei Sasakawa បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នៅពេលនេះ លោកសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំ ដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន ដែលនាំអោយប្រទេសកម្ពុជាមាន ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។

លោកក៏បានគាំទ្រ នូវដំណើរបំពេញទស្សនកិច្ចការងារ របស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅនេះ។

លោកបានមានប្រសាសន៍ថា ជំនួបមួយរយដង គឺមិនស្មើនឹងសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ច របស់សម្ដេចតេជោទៅកាន់ ប្រទេសមីយ៉ាន់ម៉ា គឺបានបើកទ្វា ដែលបានចាក់សោរួចទៅហើយនោះ ។

លោក Yohei Sasakawa យល់ឃើញថា នេះគឺជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយក៏ជាសកម្មភាព ដែលទទួលបាននូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោក Yohei Sasakawa ក៏បានជម្រាបជូនសម្ដេចតេជោអំពី អង្គការរបស់លោកដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ជាយូរណាស់មកហើយ ទាក់ទងទៅការបង្រៀនសិស្ស ឲ្យរៀនធ្វើអវយវៈសិប្បនិម្មិត ហើយក្នុងពេលនេះលោកសូមគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចតេជោ ដើម្បីឱ្យកូនសិស្សនៃប្រទេសមីយ៉ាន់ម៉ា បានមកសិក្សានៅកម្ពុជា អំពីការរៀនធ្វើអវយវៈសិប្បនិម្មិត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Yohei Sasakawa នូវពាក្យពេចន៍ដ៏ល្អរបស់លោក ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា យើងមានចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា នោះគឺការបញ្ឈប់អំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា និងនាំនូវអំណោយមនុស្សធម៌ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ ។

សម្ដេចតេជោបានមាន ប្រសាសន៍ទៀតថា ទិសដៅដែលសំខាន់បំផុតនោះគឺ នាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ ។ សម្ដេចតេជោបាន មានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចនឹងខិតខំប្រឹងប្រែងបន្តការងារនេះ ហើយសម្ដេចក៏បានស្នើសុំលោក Yohei Sasakawa បន្តធ្វើការជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ជាប្រេសិតពិសេស របស់អាស៊ានលើបញ្ហាមីយ៉ាម៉ា។

ពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យសិស្ស នៃប្រទេសមីយ៉ាន់ម៉ា មកសិក្សាបច្ចេកទេសផលិត អវៈយវៈសិប្បនិមិត្ត នៅកម្ពុជានោះ សម្ដេចតេជោ បានស្វាគមន៍ និងបានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជា ៕

To Top