ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ២៦ម៉ឺនដុល្លារ សម្រាប់ទិញសម្ភារៈបរិក្ខារពេទ្យ ដំឡើងនៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ២៦៣,៧៦០ដុល្លារ ដើម្បីទិញសម្ភារៈបរិក្ខារពេទ្យ ១៧មុខ ដំឡើងក្នុងមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ។

កាលពីថ្ងៃទី៧ មីនា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ ក្រោមវត្តមានរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំនួយឥតសំណងនេះ មានគោលបំណងលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនដែលរស់នៅ ក្នុងទីតាំងគម្រោង។

គម្រោងមានហិរញ្ញប្បទានទាំង ២៦៣,៧៦០ដុល្លារនេះ សម្រាប់ទិញសម្ភារៈចំនួន ១៧មុខរួមមាន៖ ម៉ាស៊ីនដាក់ថ្នាំសណ្តំ ១, ម៉ាស៊ីនជំនួយដង្ហើមទារក ២, ម៉ាស៊ីនថតកាំរស្មី X ចល័ត ១, ម៉ាស៊ីនថតកាំរស្មី X ឌីជីថលទំនើប ២, អំពូលវះកាត់ចល័ត ៣, អំពូលវះកាត់តាមដាន ១, ម៉ាស៊ីនតាមដានសញ្ញាជីវិត ៦, ម៉ាស៊ីនវះកាត់ដោយដុត ២, ម៉ាស៊ីនវះកាត់សម្រាលកូន ២, ម៉ាស៊ីនវះកាត់ទូទៅ ២, ម៉ាស៊ីនបូមស្លេស្ម ៥, គ្រែសម្រាប់វះកាត់ ២, សម្ភារៈឆ្លុះបំពង់ក ៤, ម៉ាស៊ីនតាមដានម្តាយនិងទារកមុនពេលវះកាត់ ១ និងម៉ាស៊ីនពិនិត្យផ្ទៃពោះ ១។

តាមរយៈគម្រោងនេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នឹងវិវត្តខ្លួនពីមន្ទីរពេទ្យកម្រិត១ មកជាមន្ទីរពេទ្យកម្រិត២ដែលមានសមត្ថភាព ផ្តល់សេវាវះកាត់បន្ទាន់ ជូនប្រជាជនស្រុកក្រូចឆ្មារ និងស្រុកជុំវិញផងដែរ ៕

To Top