ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្ដ ដឹកវ៉ាក់សាំង ១០គ្រឿង ឲ្យឡាវ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័ក ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា ការផ្ដល់រថយន្តដឹកវ៉ាក់ សាំងនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ភាគីឡាវ ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩ ជាពិសេស លើកិច្ចការចាក់វ៉ាក់សាំងជូនប្រជាជនឡាវ ឲ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើកឡើងជារឿយៗថា កម្ពុជាក្នុងនាមជាប្រទេសជិត ខាងភូមិផងរបងជាមួយគ្នាតែងតែជួយ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ក្នុងន័យថា «កម្ពុជា ជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគួរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់៕

To Top