ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង១លានដុល្លារ សម្រាប់ការកសាងសមត្ថភាពយុវជន លើកកម្ពស់សុខភាព សហគមន៍ និងអនាម័យ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី០៩ ខែមីនា បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន។

យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ថវិកាចំនួន ៤៤៥,៩៩៤ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្ត “គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី៣)” ហើយថវិកាចំនួន ៦៤៧,៨២៤ ដុល្លារអាមេរិកទៀតត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣)” ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកទូតបានថ្លែងអំណរគុណ ឮ ចំពោះអង្គការទាំងពីរ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលជប៉ុន។ ទោះបីជាគម្រោងជំនួយអភិវឌ្ឍន៍ ផ្លូវការខ្នាតធំ ដូចជាការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានយេន សម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការធ្វើការជាមួយអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជា មានសារៈសំខាន់ស្មើគ្នា នៅក្នុងការចូលរួមចំណែក ក្នុងការកែលម្អគុណភាព ជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

To Top